ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន កំពុងតែជំរុញ និងលើកទឹកចិត្តដល់តារាឆ្នើម Lionel Messi ខណៈដែលក្រុមយក្សរបស់អាមេរិកខាងត្បូងមួយនេះ ត្រូវធ្វើការប្រកួតដ៏សំខាន់ក្នុងពូល ជាមួយនឹងក្រុមជម្រើសជាតិក្រូអាស៊ី នៅរាត្រីនេះ។

Messi បានជួបការខកចិត្តក្នុងការប្រកួតបើកឆាកនៃ World Cup របស់គេកាលពីថ្ងៃសៅរ៍ តាមរយៈការមិនអាចស៊ុតបាល់ប៉េណាល់ទីចូលទី ខណៈដែលក្រុមជម្រើសជាតិអាហ្សង់ទីន បានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុមប្រទេសដ៏តូច អ៊ីស្លង់។ វាបានក្លាយជាលទ្ធផលមួយដែលបានបង្កើតឲ្យមានភាពស្រពេចស្រពិលជាថ្មីអំពីសមត្ថភាពរបស់អាហ្សង់ទីន ក្នុងការរក្សាការប្រជែងពាន World Cup ក្នុងពេលនេះ ពោលគឺរយៈពេល៤ឆ្នាំ ក្រោយពីពួកគេបានឈានទៅវគ្គផ្តាច់ព្រ័ត្រ ក្នុងប្រទេសប្រេស៊ីល។

លទ្ធផលដ៏ខកចិត្តមួយផ្សេងទៀត នៅរាត្រីនេះ អាចនឹងបង្កើតឲ្យមានការគិតថា អាហ្សង់ទីន អាចនឹងស្ថិតនៅផ្លូវនៃការធ្លាក់ចេញត្រឹមវគ្គចែកពូល ដូចកាលដែលពួកគេបានធ្លាក់ចេញត្រឹមជុំទី១លើកដំបូងកាលពីឆ្នាំ២០០២ដែរ។ អតីតតារាឆ្នើមលោក Diego Maradona បានចាត់ទុកលទ្ធផលពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិអីុស្លង់ «ជាលទ្ធផលដ៏អាម៉ាស់» និងបានព្រមានដល់លោកគ្រូបង្វឹក Jorge Sampaoli ថា លោកមិនអាចវិលទៅកាន់ប្រទេសអាហ្សង់ទីន ជាមួយនឹងទម្រង់លេងដូចគ្នានេះឡើយ។

ដើម្បីបន្ថែមទៅលើការខកចិត្តផ្សេងៗ ការមិនអាចស៊ុតបាល់ប៉េណាល់ទីចូលទីរបស់ Messi បានកើត រួមជាមួយនឹងការមិនអាចរកបានគ្រាប់បាល់ពីការស៊ុតបាល់សំដៅទី ១១លើក ដែលជាអត្រាដ៏ច្រើនបំផុតក្នុងការប្រកួតមួយក្នុង World Cup ពីសំណាក់កីឡាករម្នកា់ ចាប់តាំងពីកីឡាករអ៊ីតាលី Luigi Riva ធ្វើបានកាលពីឆ្នាំ១៩៧០។ ទោះបីជាយ៉ាងណា កីឡាករអាហ្សង់ទីន បានបញ្ចេញប្រតិកម្មភ្លាមៗដើម្បីលើកទឹកចិត្តដល់តារាឆ្នើមរបស់ក្លិប Barcelona រូបនេះ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១រំលងអធ្រាត្រ៕
ក្រុម Argentia ជំរុញឲ្យខ្សែប្រយុទ្ធ Lionel Messi បង្ហាញថ្វីជើង ពេលជួប Croatia រាត្រីនេះ
អត្ថបទទាក់ទង
