Kylian Mbappe បានបញ្ជាក់ថា ការលេងក្នុងយុទ្ធនាការ World Cup គឺជា «សុបិនក្លាយជាការពិត» ក្រោយពីខ្សែប្រយុទ្ធវ័យក្មេងរូបនេះ បានរកគ្រាប់បាល់ឈ្នះក្នុងពេលក្រុមខ្លួនទទួលជ័យជម្នះ ១-០ លើក្រុមជម្រើសជាតិប៉េរូ ដើម្បីជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិបារាំង ឈានទៅវគ្គ ១៦ក្រុមចុងក្រោយកាលពីថ្ងៃព្រហស្បតិ៍។

ក្រុមជម្រើសជាតិបារាំង ដែលជាក្រុមមួយក្នុងចំណោមក្រុមដែលមានក្តីសង្ឃឹមច្រើនក្នុងការលើកពាននោះ ចូលរួមជាមួយនឹងក្រុមជម្រើសជាតិអ៊ុយរូហ្គាយ និងម្ចាស់ផ្ទះរុស្ស៊ី ក្នុងវគ្គ ១៦ក្រុម ខណៈនៅសល់ការប្រកួតក្នុងពូល ១លើកទៀត និងបានធ្វើឲ្យក្រុមជម្រើសជាតិប៉េរូ ធ្លាក់ចេញយ៉ាងឆាប់រហ័ស។ ខ្សែប្រយុទ្ធ Mbappe វ័យ១៩ឆ្នាំ និង១៨៣ថ្ងៃ របស់ក្លិប Paris Saint-Germain បានបង្ហាញពីទេពកោសល្យដ៏អស្ចារ្យរបស់ខ្លួន និងបានក្លាយជាកីឡាការវ័យក្មេងបំផុតរបស់បារាំង ក្នុងការរកគ្រាប់បាល់បញ្ចូលទីក្នុង World Cup នៅពេលដែលរូបគេបានស៊ុតបាល់បំប៉ោងសំណាញ់ទីក្នុងតង់ទី១។

ក្រុមរបស់លោក Didier Deschamps នឹងត្រូវប៉ះជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិដាណឺម៉ាក នៅថ្ងៃអង្គារ ដើម្បីប្រជែងយកចំណាត់ថ្នាក់លេខ១ក្នុងពូល C ប៉ុន្តែ ការឈ្នះកៅអីទៅវគ្គបន្ទាប់ មានសុវត្ថិភាពរួចស្រេច។ ផ្ទុយទៅវិញ ក្រុមជម្រើសជាតិប៉េរូ នឹងត្រូវជួបអូស្ត្រាលី ដោយជោគវាសនារបស់ពួកគេត្រូវបានកាត់សេចក្តីរួចជាស្រេច និងត្រូវតែលេងដើម្បីតែមោទនភាពប៉ុណ្ណោះ ពីមុខអ្នកគាំទ្រដ៏ច្រើនកុះករដែលបានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី។

ស្របពេលជាមួយគ្នានេះ ប្រធានក្រុមនៃក្រុមអូស្ត្រាលី Mile Jedinak បានស៊ុតបាល់ប៉េណាល់ទីដែលត្រូវបានផ្តល់ឲ្យដោយ VAR តង់ទី២ ដើម្បីដណ្តើមបានលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុមជម្រើសជាតិដាណឺម៉ាក ក្នុង World Cup កាលពីថ្ងៃព្រហស្បតិ៍ ដែលបានធ្វើឲ្យក្តីសង្ឃឹមទៅវគ្គ១៦ក្រុមចុងក្រោយរបស់អូស្ត្រាលី ស្ថិតក្នុងភាពស្តួចស្តើង៕