អតីតខ្សែបម្រើក្លឹប Barcelona លោក Mark Van Bommel ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ក្រុមជើងឯកលីកកំពូលហូឡង់ PSV Eindhoven ជាមួយកិច្ចសន្យាមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២១។

គ្រូបង្វឹកសញ្ជាតិហុល្លង់រូបនេះបានចូលមកបំពេញតួនាទីជំនួសអតីតកីឡាករមិត្តរួមជាតិនិងជាគ្រូបង្វឹកលោក Phillip Cocu ដែលបានចាកចេញពីក្រុមម្ចាស់ជើងឯក Eredivisie នៅសប្តាហ៍នេះដើម្បីទៅដឹកនាំក្រុមជើងខ្លាំងនៅប្រទេសទួរគី Fenerbahçeក្នុងកិច្ចសន្យារយៈពេល ៣ឆ្នាំ។
Cocu បានចូលមកដឹកនាំក្លឹប PSV ក្នុងឆ្នាំ២០០៨ ដោយបានចូលមកបង្វឹកជាគ្រូយុវជនវ័យក្រោម ១៩ឆ្នាំ( U19) និងទីបំផុតបានចូលមកដឹកនាំក្រុមឈុតធំក្រុមដំបូងក្នុងឆ្នាំ២០១៣។ ក្រោយចូលមកដឹកនាំក្រុមនៅឆ្នាំដដែល Cocu បានជួយក្រុមលើកពាននៅលីកកំពូលហូឡង់៣ដងនៅរដូវកាល (២០១៤-២០១៥) (២០១៥-២០១៦) និង (២០១៧-២០១៨),ពាន Super Cup ចំនួនពីរ (២០១៥/២០១៧ និង ២០១៦/២០១៧) និងពាន One Cup (២០១១/២០១២) ។

Van Bommel បច្ចុប្បន្នគឺកំពុងមានភារកិច្ចជាជំនួយការរបស់លោក Bert van Marwijk គ្រូបង្វឹកជម្រើសជាតិអូស្រ្តាលីដែលកំពុងចូលរួមការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសរុស្ស៊ី។ ខណៈពីមុនមករូបគេក៏ធ្លាប់បានធ្វើការជាមួយលោក Bert van Marwijk ក្នុងនាមជំនួយការដឹកនាំក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីតផងដែរ។
ប្រភព៖ Sport-English
