លោក Didier Deschamps គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានបញ្ជាក់ថាក្រុមរបស់លោក នឹងធ្វើដំណើរទៅដណ្តើមយកជ័យជម្នះក្នុងការប្រកួតចុងក្រោយក្នុងពូលនាព្រឹត្តិការណ៍ World Cup របស់ពួកគេ ជាមួយនឹងក្រុមជម្រើសជាតិដាណឺម៉ាក នៅរាត្រីនេះ ខណៈដែលពួកគេសម្លឹងរកចំណាត់ថ្នាក់លេខ១។

លោក Deschamps ត្រូវបានរំពឹងទុកថា នឹងធ្វើការផ្លាស់ប្តូរកីឡាករជាច្រើនសម្រាប់ការប្រកួតក្នុងទីក្រុងម៉ូស្គូ ខណៈដែលបារាំង មានសុវត្ថិភាពរួចជាស្រេចក្នុងការឈ្នះកៅអីមួយទៅលេងក្នុងវគ្គ ១៦ក្រុមចុងក្រោយ ក្រោយពីបានយកឈ្នះលើក្រុមជម្រើសជាតិអូស្ត្រាលី និងប៉េរូ។ ក្រុមជម្រើសជាតដាណឺម៉ាក ត្រូវការត្រឹមតែ ១ពិន្ទុគត់ដើម្បីចូលរួមជាមួយនឹងក្រុមជម្រើសជាតិបារាំង ក្នុងវគ្គ ១៦ក្រុមចុងក្រោយ ហើយនឹងឡើងឈរពីលើក្រុមជម្រើសជាតិបារាំង ក្នុងពូល C ប្រសិនបើដណ្តើមបានជ័យជម្នះ។

នាកីឡដ្ឋាន Luzhniki កាលពីថ្ងៃអាទិត្យ លោក Deschamps បានប្រាប់អ្នកយកព័ត៌មានថា៖ «យើងនឹងមិនផ្តល់ឱកាសដល់ពួកគេនោះឡើយ។ គោលដៅរបស់យើងគឺការដណ្តើមបានចំណាត់ថ្នាក់លេខ១ ហើយលទ្ធផល២មុន នឹងធ្វើឲ្យសម្រេចគោលដៅនោះ»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំមិនដែលនិយាយទៅកាន់ក្រុមរបស់ខ្ញុំថា យើងនឹងលេងដើម្បីទទួលបានលទ្ធផលស្មើឡើយ។ ខ្ញុំមិនចង់ឲ្យក្រុមរបស់ខ្ញុំធ្វើដំណើរទៅកាន់ទីលាន ដោយគ្មានភាពមិនច្បាស់ឡើយ ហើយនិងត្រូវធ្វើរាល់អ្វីៗទាំងអស់ដើម្បីឈ្នះការប្រកួតនេះ។ ខ្ញុំប្រាកដចិត្តថា ដាណឺម៉ាក ក៏នឹងលេងដើម្បីឈ្នះផងដែរ»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៩យប់៕
ប្រភព៖ Sport24
