ការប្រកួតកាត់សេចក្តីរបស់ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ជាមួយនឹងក្រុមជម្រើសជាតិនីហ្សេរីយ៉ា នៅរាត្រីថ្ងៃអង្គារនេះ អាចនឹងក្លាយជាការចាប់ផ្តើមឆ្ពោះទៅរកភាពល្អមួយ សម្រាប់ក្រុមនេះក្នុងប្រទេសរុស្ស៊ី ក្រោយពីការចាប់ផ្តើមយ៉ាងត្រដាបត្រដួស ក្នុងព្រឹត្តិការណ៍ World Cup។ នេះបើយោងទៅតាមការបញ្ជាក់របស់លោកគ្រូបង្វឹក Jorge Sampaoli។

ការមិនអាចយកឈ្នះលើក្រុមជើងខ្លាំងរបស់អាហ្វ្រិកមួយនេះ នឹងពន្យារពេលនៃការរង់ចាំកាន់តែយូររបស់ Lionel Messi ក្នុងការឈ្នះពានអន្តរជាតិមួយ ប៉ុន្តែ នឹងបន្ថែមទៅលើភាពអាម៉ាស់ផ្សេងៗនៃការធ្លាក់ចេញត្រឹមវគ្គចែកពូល ដោយមិនអាចឈ្នះសូម្បីតែមួយប្រកួត។ ការរងបរាជ័យក្នុងលទ្ធផល ៣-០ ក្រោមស្នាដៃក្រុមជម្រើសជាតិក្រូអាស៊ី ក្រោយពីក្រុមជ្រើសជាតិអាហ្សង់ទីន បានបើកយុទ្ធនាការរបស់ខ្លួនជាមួយនឹងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុមជម្រើសជាតិអ៊ីស្លង់ បាននាំឲ្យមានការអំពាវនាវបណ្តេញលោក Sampaoli ចេញ ស្របពេលដែលមានព័ត៌មានពីការមិនពេញចិត្តរបស់កីឡាករទៅលើបច្ចេកទេស និងការជ្រើសរើសក្រុមរបស់លោក។

ប៉ុន្តែ ក្រោយពីសប្តាហ៍ដ៏ជ្រួលច្របល់ ក្នុងនោះរាប់បញ្ចូលទាំងការប្រជុំនានារវាងក្រុម គ្រូបង្វឹក និងប្រធានសហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីន ក្នុងរយៈពេលប៉ុន្មានថ្មីៗនេះ លោក Sampaoli បានព្យាយាមបង្ហាញពីភាពវិជ្ជមានលើជោគវាសនារបស់ក្រុមនេះ។ មុនពេលការប្រកួតក្នុងទីក្រុង Saint Petersburg លោក Sampaoli បានប្រាប់អ្នកយកព័ត៌មានថា៖ «យើងត្រូវតែចាត់ទុកថា ការប្រកួតចំនួន ៥លើកចុងក្រោយនេះ ជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ។ ហើយនៅថ្ងៃស្អែកនេះ វានឹងក្លាយជាការប្រកួតវគ្គផ្តាច់ព្រ័ត្រជាលើកទី១។ យើងមិនមានជម្រើសឡើយ ហើយខ្ញុំប្រាកដចិត្តថា នេះជារបៀបដែលយើងដោះស្រាយ។ ថ្ងៃស្អែកនេះ ខ្ញុំប្រាកដចិត្តថា ពួកគេនឹងឃើញក្រុមខ្លាំងបំផុតរបស់អាហ្សង់ទីនក្នុង World Cup នេះ»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១រំលងអធ្រាត្រ៕
ប្រភព៖ Channel News Asia
