មាន់​គក​បារាំង​ ត្រូវ​ប្រឈម​មុខ​ជាមួយ​ដាណឺម៉ាក​នៅ​រាត្រី​នេះ​​ ដើម្បី​កំណត់​ពិត​ប្រាកដ​ថា​នរណា​នឹង​ឈរ​កំពូល​តារាង​ពូល C ខណៈ​អូស្ត្រាលី​ប៉ះ​ប៉េរូ។

ក្រុម​ប្រកួត​យប់​នេះ

បារាំង​បច្ចុប្បន្ន​​កំពុង​នៅ​ឈរ​លេខ​១​ពូល C ឯ​ដាណឺម៉ាក​នៅ​លេខ​២ ដូច្នេះ​ក្រុម​លោក Didier Deschamps​ ត្រូវ​ការ​ត្រឹម​ស្មើ​ប៉ុណ្ណោះ​ដើម្បី​រក្សា​កន្លែង​របស់​ខ្លួន។ មុន​ការ​ប្រកួត​នេះ​មក​ដល់​​គ្រូ​របស់​ដាណឺម៉ាក​បាន​និយាយ​ថា បារាំង​​ត្រូវ​គេ​ចាត់​ទុក​ជា​ក្រុម​អាច​ឈ្នះ​ពាន​និង​មាន​៦​ពិន្ទុ​ឈរ​កំពូល​តារាង តែ​ពួក​គេ​មិន​ទាន់​អស់​គូ​ប្រជែង​ទេ។ ពួក​គេ​លេង​ល្អ​នៅ​ប្រកួត​មិត្តភាព​ តែ​នៅ World Cup មិន​ទាន់​ឃើញ​​ល្អ​ណាស់​ណា​ទេ។

ចំណែក​ខ្សែ​បម្រើ​របស់​បារាំង​កីឡាករ Corentin Tolisso ក៏​បាន​ថ្លែង​ដែរ​ថា ក្រូអាត​​នឹង​​ឈរ​លេខ​១​ពូល​ D ដូច្នេះ​ក្រុម​ពួក​គេ​មិន​ត្រូវ​បញ្ចប់​នៅ​លេខ​២​​ទេ ដើម្បី​ជៀសវាង​ការ​ជួប​គ្នា។ យ៉ាងណា​គេ​ក៏​​យល់​ឃើញ​ថា នីហ្សេរីយ៉ា អ៊ីស្លង់​និង​អាហ្សង់ទីន​​សុទ្ធ​តែ​ជា​ក្រុម​ល្អ​ដូច​គ្នា។

ងាក​ទៅ​មើល​ពូល D ដែល​ត្រូវ​ប្រកួត​យប់​នេះ​ដូច​គ្នា អាហ្សង់ទីន​ត្រូវ​ឈ្នះ​នីហ្សេរីយ៉ា​ដាច់​ខាត ហើយ​បន់ស្រន់​ឲ្យ​អ៊ីស្លង់​ចាញ់​ក្រូអាត នោះ​​ពួក​គេ​នឹង​បាន​ឡើង​វគ្គ​១៦​ក្រុម​ចុងក្រោយ​នឹង​គេ​ហើយ៕ ​ ​​​


Via :news.sabay