ខ្សែ​ការពារ​ស្លាប​ឆ្វេង Benjamin Mendy បាន​បង្ហើប​ថា ប្រពន្ធ​លោក Pep Guardiola មាន​ចំណែក​យ៉ាង​សំខាន់​ក្នុង​ជួយ​ឲ្យ​ការ​ផ្ទេរ​របស់​ខ្លួន​មក Manchester City បាន​សម្រេច​ដូច​បំណង។

ក្នុង​អត្ថបទ​មួយ​ក្នុង The Players’ Tribune កីឡាករ Mendy បាន​បង្ហើប​ថា កាល​ពី​ឆ្នាំ​មុន នៅ​ពេល​ខ្លួន​កំពុង​ពិចារណា​ចូល​រួម​ជាមួយ​ក្លឹប​មេឃ​ខៀវ​នៅ​អង់គ្លេស ខ្លួន និង​លោក Pep ចាប់​ផ្ដើម​ទាក់ទង​ផ្ញើ​សារ​ឆ្លើយ​ឆ្លង​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​តាម​បណ្ដាញ​សង្គម WhatsApp។

លោក Pep និងភរិយា

ក្នុង​អំឡុង​ពេល​ទាក់ទង​គ្នា​នោះ ខ្សែ​ការពារ​ស្លាប​បារាំង​បាន​ទម្លាយ​ឲ្យ​ដឹង​ថា ខ្លួន​មិន​ត្រឹម​តែ​ផ្ញើ​សារ​ជាមួយ​លោក Pep នោះ​ទេ តែ​ជាមួយ​ប្រពន្ធ​លោក​ផង​ដែរ។ ប្រពន្ធ​លោក Pep បាន​ជួយ​លោក​ទាក់​ទង​នឹង​ភាសា​បារាំង ដើម្បី​មាន​ការ​ទំនាក់ទំនង​ងាយ​ស្រួល​ជាមួយ​ Mendy។

ការណ៍​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ Mendy មាន​អារម្មណ៍​និយាយ​ជាមួយ​”សមាជិក​គ្រួសារ” ជា​ជាង​និយាយ​ជាមួយ “គ្រូ​បង្វឹក” ពេល​ទាក់ទង​ជាមួយ Pep។

បន្ថែម​ពី​ការ​បង្ហើប​ទាំង​អស់​នេះ កីឡាករ​បារាំង​ បាន​និយាយ​សរសើរ​មិន​ដាច់​មាត់​ទៅ​លើ​អ្នក​ចាត់​ការ​ក្លឹប Manchester City ដែល​ជួយ​ក្លឹប​ឲ្យ​ឈ្នះ Premier League រដូវ​កាល ២០១៧/១៨ និង League Cup។

សូម​បញ្ជាក់​ផង​ដែរ​ថា Benjamin Mendy បាន​មក​ចូល​រួម​ជាមួយ Manchester City ពី Monaco កាល​ពី​ឆ្នាំ​មុន ក្នុង​តម្លៃ​ផ្ទេរ ៥២ លាន​ផោន (ជិត ៧០ លាន​ដុល្លារ​សហរដ្ឋអាមេរិក)។ ទោះ​ជា​យ៉ាង​ណា លេង​ឲ្យ​ក្លឹប​ថ្មី​មិន​បាន​ប៉ុន្មាន​ផង Mendy ក៏​ពើប​ប្រទះ​របួស​ជង្គង់​ធ្ងន់ធ្ងរ​រហូត​សម្រាក​ព្យាបាល​ជិត​ ១ រដូវ​កាល។ កីឡាករ​ទើប​សះ​ពី​របួស​នា​អំឡុង​ខែ​មេសា​ឆ្នាំ​នេះ​ ប៉ុណ្ណោះ៕
Via :news.sabay