លោក Gareth Southgate គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានបញ្ជាក់កាលពីថ្ងៃពុធថា ក្រុមរបស់លោកត្រូវបានប្រាប់ឲ្យផ្តោតទៅលើការឈ្នះការប្រកួតនានា ដោយមិនមានផែនការជាក់លាក់មួយទៅលើដំណើរឆ្ពោះទៅកាន់វគ្គ ១៦ក្រុមចុងក្រោយនៃ World Cup នៅមុនពេលការប្រកួតចុងក្រោយក្នុងពូល G របស់ពួកគេជាមួយនឹងក្រុមជម្រើសជាតិបែលហ្ស៊ិកឡើយ។

ក្រុមទាំង២ បានឈ្នះសិទ្ធិទៅវគ្គ ១៦ក្រុមចុងក្រោយរួចជាស្រេច ហើយស្របពេលដែលពួកគេអាចនឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិកូឡុំប៊ី ជប៉ុន ឬសេណេហ្គាល់ ក្នុងវគ្គបន្ទាប់ មានការលើកឡើងមួយចំនួនថា ក្រុមជម្រើសជាតិអង់គ្លេស អាចនឹងជួបការប្រកួតកាន់តែងាយស្រួលក្នុងយុទ្ធនាការនេះ ប្រសិនបើពួកគេរងបរាជ័យក្នុងទីក្រុង Kaliningrad នៅរាត្រីនេះ។ ប៉ុន្តែ នៅថ្ងៃដែលក្រុមជម្រើសជាតិអាល្លឺម៉ង់ បានធ្លាក់ចេញពីយុទ្ធនាការនេះ ក្រោយចាញ់ក្រុមជម្រើសជាតិកូរ៉េខាងត្បូង ក្នុងលទ្ធផល ២-០ លោក Southgate បាននិយាយថា ក្រុមរបស់លោកបានផ្តោតអារម្មណ៍តែលើការប្រកួតជាមួយនឹងក្រុមបែលហ្ស៊ិក តែមួយគត់។

គ្រូបង្វឹករូបនេះបានប្រាប់អ្នកយកព័ត៌មានថា៖ «យើងត្រូវតែរក្សាការឈ្នះការប្រកួតកីឡាបាល់ទាត់ ហើយយើងចង់បង្កើតស្មារតីមួយដែលគ្រប់គ្នាក្នុងក្រុមរបស់យើង ចង់ឈ្នះ»។ លោក Southgate បានបន្ថែមទៀតថា៖ «យើងមិនធ្លាប់ឈ្នះក្នុងវគ្គចាញ់ធ្លាក់សោះ បើគិតចាប់តាំងពីឆ្នាំ២០០៦។ ហេតុនេះ ការដែលយើងនឹងចាប់ផ្តើមជាមួយនឹងផែនការមួយដែលនឹងធ្វើឲ្យជួបផ្លូវកាន់តែងាយស្រួលទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺពិតជាមិនស្ថិតក្នុងចិត្តខ្ញុំឡើយ»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១រំលងអធ្រាត្រ៕
លោក Southgate៖ យើងមកទីនេះដើម្បីឈ្នះ ដោយគ្មានផែនការផ្សេងឡើយ
អត្ថបទទាក់ទង
