ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ជប៉ុន​បាន​ក្លាយ​ជា​ក្រុម​មក​ពី​ទ្វីប​អាស៊ី​ទី​១​ដែល​បាន​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៨​នេះ​ បន្ទាប់​ពី​ធ្វើ​បាន​ល្អ​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​ H។

ក្រុម​ជម្រើស​ជាតិ​ជប៉ុន
មុន​ឈាន​ឡើង​ដល់​​​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ជប៉ុន​​ធ្វើ​បាន​ល្អ​ក្នុង​២​ប្រកួត​ដំបូង​គឺ​ឈ្នះ​​​​ក្រុម​កូឡុំប៊ី​ដោយ​លទ្ធផល​ ២-១ ​ទទួល​បាន​៣​ពិន្ទុ​​ និង​​​បាន​១​ពិន្ទុ​​ទៀត​ពី​​ការ​ប្រកួត​ស្មើ​នឹង​ក្រុម​ខ្លាំង​សេណេហ្គាល់​ដោយ​លទ្ធផល​ ២-២។

យ៉ាង​ណា ការ​ប្រកួត​បញ្ចប់​ពូល ​នា​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ជប៉ុន​​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​​​ក្រុម​ជម្រើស​ជាតិ​ប៉ូឡូញ​ ១-០​​​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​បុក​ពោះ​ក្នុង​ការ​ឡើង​វគ្គ​បន្ត ប៉ុន្តែ​ជា​សេណេហ្គាល់​ចាញ់​កូឡុំប៊ី​ដែល​ធ្វើ​ឲ្យ​ជប៉ុន​បាន​ឡើង។ ១​គ្រាប់​របស់​ប៉ូឡូញ​រក​បាន​ដោយ​កីឡាករ Jan Bednarek នៅ​នាទី​ទី​៥៩។

ពូល​​ជា​មួយ​គ្នា ក្រុម​ជម្រើស​ជាតិ​សេណេហ្គាល់​​​​​លេង​​បាន​យ៉ាង​ល្អ និង​សម្រុក​ខ្លាំង​លើ​​កូឡុំប៊ី​នៅ​វគ្គ​ទី​១ ប៉ុន្តែ​មិន​អាច​​រក​គ្រាប់​បាល់​បាន។ ផ្ទុយ​ទៅ​វិញ​នៅ​វគ្គ​ទី​២ កូឡុំប៊ី​បាន​ទម្លាយ​សំំណាញ់​ទី​១​គ្រាប់​លើ​សេណេហ្គាល់​ដោយ​កីឡាករ Yerry Mina នៅ​នាទី​ទី​៧៤ ដើម្បី​ទទួល​បាន​៦​ពិន្ទុ​ឈរ​កំពូល​តារាង​ក្នុង​ពូល​ ហើយ​ជប៉ុន​ស្ថិត​នៅ​លេខ២។ ក្រុម​ដែល​ទឹក​ភ្នែក​គឺ​សេណេហ្គាល់​បែរ​ជា​ភ្លាត់​ចាញ់​​ប្រកួត​ចុង​ក្រោយ​នេះ​អស់​ឱកាស​ឡើង​វគ្គ​បន្តតែ​ម្តង។

បើ​និយាយ​ពី​ក្រុម​​ជម្រើស​ជាតិ​ធ្វើ​ដំណើរ​ពី​ទ្វីប​អាស៊ី​ទៅ​រុស្ស៊ី​ក្នុង​ព្រឹត្តិការណ៍​ FIFA World Cup 2018 នេះ​គឺ​មាន​តែ​ជប៉ុន​តែ​មួយ​គត់​ដែល​បាន​ឡើង​ទៅ​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។ ចំណែក​ក្រុម​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង​ អ៊ីរ៉ង់​ និង​អារ៉ាប៊ីសាអ៊ូឌីត​​ដែល​ជា​ក្រុម​អាស៊ី​បាន​ធ្លាក់​អស់​ហើយ បន្ទាប់​ពី​ធ្វើ​មិន​បា​ល្អ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល។

ការ​ប្រកួត​រវាង​ជប៉ុន និង​ប៉ូឡូញ

Via: Sabay