គ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងល្អឥតខ្ចោះ ១គ្រាប់ពីសំណាក់ខ្សែប្រយុទ្ធ Adnan Januzaj បានកាត់សេចក្តីក្នុងការប្រកួតដែលផ្តល់នូវការចាប់អារម្មណ៍មួយ ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក បានផ្តួលក្រុមជម្រើសជាតិអង់គ្លេស ក្នុងលទ្ធផល ១-០ ដើម្បីបញ្ចប់ដោយការឈរនៅលើកំពូលតារាងនៃពូល G ក្នុងព្រឹត្តិការណ៍ World Cup ក្នុងទីក្រុង Kaliningrad កាលពីថ្ងៃព្រហស្បតិ៍។

គ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងល្អក្នុងតង់ទី២ របស់ Januzaj បានជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក ឈានទៅវគ្គ ១៦ក្រុមចុងក្រោយ ជាមួយនឹងក្រុមជម្រើសជាតិជប៉ុន ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បច្ចុបន្ន នឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិកូឡុំប៊ី ក្នុងការប្រកួតវគ្គ ១៦ក្រុមចុងក្រោយនៅថ្ងៃអង្គារ។ តាមរយៈការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ក្នុងពូលនេះ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានគេចផុតពីការជួបក្រុមខ្លាំងៗជាច្រើន ដែលរួមមានអតីតម្ចាស់ជើងឯក ប្រេស៊ីល បារាំង អាហ្សង់ទីន និងអ៊ុយរូហ្គាយ ក៏ដូចជាក្រុមម្ចាស់ជើងឯកអឺរ៉ុប ប្រសិនបើពួកគេឆ្លងផុតវគ្គ ១៦ក្រុមចុងក្រោយ។

ហេតុនេះ ការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ក្នុងពូលមិនមែនជាលទ្ធផលដ៏ខកចិត្តឡើយ ប៉ុន្តែ វាអាចជាកត្តាមួយក្នុងការជ្រើសរើសយក្រុមរបស់គ្រូបង្វឹកទាំង២ ស្របពេលដែលការឈ្នះកៅអីទៅលេងក្នុងវគ្គ ១៦ក្រុមចុងក្រោយ មានសុវត្ថិភាពរួចជាស្រេច។ ស្របពេលជាមួយគ្នានេះ ការតែតបាល់បញ្ចូលទីយ៉ាងល្អពីសំណាក់ខ្សែ ការពារ Yerry Mina របស់ក្លិប Barcelona បានជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិកូឡុំប៊ី ឈានទៅវគ្គ ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup ជាមួយនឹងជ័យជម្នះក្នុងលទ្ធផល ១-០ លើក្រុមជម្រើសជាតិសេណេហ្គាល់ ក្នុងការប្រកួតពូល H ខណៈដែលក្រុមរបស់អាហ្វ្រិកមួយនេះ បានធ្លាក់ចេញដោយសារតែមានវិន័យអន់ជាងក្រុមជម្រើសជាតិជប៉ុន៕
England vs Belguim

Senegal vs Colombia