ខ្សែបម្រើអន្តរជាតិអាហ្សង់ទីន Giovani Lo Celso បានបញ្ជាក់ថា មាន «ចំណុចខ្សោយច្រើន» ដើម្បីដណ្តើមយកផលប្រយោជន៍ក្នុងពេលប្រកួតជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិបារាំង នៅពេលដែលប្រទេសទាំង២ ជួបគ្នាគ្នាក្នុងការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ World Cup នៅថ្ងៃសៅរ៍នេះ។

ក្រុមម្ចាស់ជើងឯក ២សម័យកាល អាហ្សង់ទីន បានឈានទៅវគ្គចាញ់ធ្លាក់ ក្នុងនាមជាក្រុមឈរលេខ២ ក្នុងពូល D ក្រោយពីដណ្តើមបានជ័យជម្នះយ៉ាងលំបាកក្នុងលទ្ធផល ២-១ លើក្រុមបាល់ទាត់ជម្រើសជាតិនីហ្សេរីយ៉ា ក្នុងការប្រកួតចុងក្រោយរបស់ពួកគេ។ Lo Celso ស្គាល់សមត្ថភាពគូប្រជែងនាពេលខាងមុខរបស់អាហ្សង់ទីន ច្បាស់ជាងគេ ខណៈដែលមិត្តរួមក្រុមនៃក្លិប Paris Saint-Germain របស់គេចំនួន ៣នាក់ដែលរួមមាន Kylian Mbappe, Presnel Kimpembe និង Alphonse Areola សុទ្ធសឹងកំពុងតែស្ថិតក្នុងក្រុមបារាំង។

Lo Celso បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា៖ «យើងនឹងត្រូវជួបគូប្រកួតដ៏ខ្លាំងមួយ ក្រុមដ៏អស្ចារ្យមួយ ដែលមិនស្គាល់ចាញ់សោះក្នុងការប្រកួតវគ្គចែកពូល។ ប៉ុន្តែ យើងដឹងថា យើងជាក្រុមដ៏ខ្លាំងមួយ ហើយយើងមានអាវុធរបស់យើង។ ខ្ញុំគិតថា វានឹងក្លាយជាការប្រកួតដ៏អស្ចារ្យមួយ»។ ខ្សែបម្រើរូបនេះបានបន្ថែមទៀតថា៖ «ប៉ុន្តែ ស្របពេលដែលពួកគេមានភាពខ្លាំងជាច្រើន ពួកគេក៏មានចំណុចខ្សោយផងដែរ ហើយយើងត្រូវតែដណ្តើមយកប្រៀបលើចំណុចខ្សោយទាំងនោះ»។ ជាមួយគ្នានេះ ខ្សែការពារ Federico Fazio បានបញ្ជាក់ថាការដណ្តើមបានជ័យជម្នះលើក្រុមជម្រើសជាតិនីហ្សេរីយ៉ា កាលពីថ្ងៃអង្គារ បានបង្កើនការជឿជាក់ផ្នែកស្មារតីក្នុងក្រុមរបស់គេ ក្រោយពីការចាញ់ក្រុមជម្រើសជាតិក្រូអាស៊ី ៣-០ បានធ្វើឲ្យក្រុមជម្រើសជាតិអាហ្សង់ទីន ស្ថិតលើផ្លូវនៃការធ្លាក់ចេញ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៩យប់៕