Marco Asensio មិនមែនសម្រាប់លក់ និងមិនមានហេតុផលណាផ្សេងដែលអាចអោយរូបគេផ្ទេរទៅលេងនៅកីឡាដ្ឋាន Anfield នោះដែរ។ ទាំងនេះគឺជាសារបញ្ជាក់យ៉ាងច្បាស់មួយពីក្រុមម្ចាស់ជើងឯកកំពូលទ្វីបអឺរ៉ុប ១២សម័យ Real Madrid បានប្រាប់ទៅក្រុមហង្សក្រហម Liverpool ស្របពេលខ្សែបម្រើអេស្បាញរូបនេះ មានកុងត្រាជាមួយក្រុមនៅកីឡាដ្ឋាន Estadio Santiago Bernabeu រហូតដល់ឆ្នាំ ២០២៣ឯណោះ ។

Asensio ត្រូវបានគេមើលឃើញថាកំពុងអភិវឌ្ឍខ្លួនបានយ៉ាងល្អពីមួយថ្ងៃទៅមួយថ្ងៃ ស្របពេលប្រធាន ក្លឹបលោក Florentino Perez និងគ្រូបង្វឹកថ្មីលោក Lopetegui យល់ឃើញរូបគេគឺជាយុវជនវ័យក្មេងជំនាន់ក្រោយដែលត្រូវបន្តវេន និងកសាងក្រុមជាមួយអនាគតភ្លឺស្វាងសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។ Real Madrid បដិសេធពាក្យលើកឡើងថាមានការផ្តល់ជូនតម្លៃខ្លួន ១៨0លានអឺរ៉ូសម្រាប់តម្លៃខ្លួន Asensio ប៉ុន្តែក្លឹបក៏បានអះអាងថាប្រសិនជាមានក្រុមណាចូលមកចែចៅរូបគេនោះក្រុមសម្រេចច្រានចោលភ្លាម។

ស្ថិតនៅក្នុងវ័យ ២២ឆ្នាំខ្សែបម្រើក្រុមជម្រើសជាតិអេស្បាញ Asensio Real Madrid បានខិតខំអភិវឌ្ឍខ្លួនយ៉ាងលំបាកមុននិងបានចូលលេងក្នុងនាមជាកីឡាករឈុតធំ ១១នាក់ដំបូងរបស់ក្លឹប និងបានជួយក្រុមលើកពាន Champion League ២សម័យចុងក្រោយព្រមទាំងពាន La Liga (២០១៦-២០១៧)ផងដែរ។