ខ្សែប្រយុទ្ធសញ្ជាតិបារាំង Antoine Griezmann បាននិយាយមុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៨ក្រុមចុងក្រោយព្រឹត្តាការណ៏ World Cup ២០១៨ ជាមួយក្រុមជើងខ្លាំងមកពីតំបន់អាមេរិកឡាទីនគឺអ៊ុយរូហ្គាយថាៈ ជាការប្រកួត ដ៏វិសេសមួយនៅពេលដែលរូបគេត្រូវប្រកួតប្រឈមជាមួយមិត្តភក្តិដ៏ល្អ និងជាមិត្តរួមក្រុម Atletico Madrid កីឡាករខ្សែបម្រើ-ការពារ Diego Godin។

Griezmann បានប្រាប់បណ្តាញសារពត៌មានថាៈ Diego គឺជាមិត្តភក្តិដ៏អស្ចារ្យ ខ្ញុំនៅជាមួយគាត់ជារៀងរាល់ពេល មិនថាតែនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ និងនៅទីលានប្រកួត ហើយនោះជាមូលហេតុដែលគាត់ជាឪពុកធម៌កូនស្រីពៅរបស់ខ្ញុំ។ វានឹងក្លាយជាការប្រកួតដ៏រំជើបរំជួល ប៉ុន្តែវាក៏ជារឿងដ៏អស្ចារ្យផងដែរ។

កីឡាករវ័យ ៣២ឆ្នាំ Godin ក៏គឺជាបុគ្គលម្នាក់បានចូលរួមផ្តល់យោបល់នៅពេល Griezmann ធ្វើការសម្រេចចិត្តបន្តលេងនៅក្រុម At.Madrid ហើយរូបគេក៏ជាមនុស្សម្នាក់ដែលបានបញ្ចុះបញ្ចូល Griezmann ឱ្យចុះហត្ថលេខាផ្ទេរពី Real Sociedad មក Atletico.Madrid ផងដែរ។