ខ្សែប្រយុទ្ធដ៏មានឥទ្ធិពល Eden Hazard បានបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក មានកម្រិតថ្មីនៃភាពចាស់ទុំ ខណៈដែលពួកគេត្រៀមទៅជួបក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន ដោយសម្លឹងរកកៅអីក្នុងវគ្គ ១/៤ផ្តាច់ព្រ័ត្រ ដើម្បីទៅជួបក្រុមជម្រើសជាតិប្រេស៊ីល ឬម៉ិកស៊ិក។

ជំនាន់មាសរបស់តារាឆ្នើមៗនៃក្រុមជម្រើសជាតិបែលហ្ស៊ិក កំពុងតែជិតអស់ពេលក្នុងការប្រជែងយកការឈ្នះពានរង្វាន់ធំមួយឡើយ ប៉ុន្តែ Hazard បានបញ្ជាក់ថា ពួកគេមានឱកាសមួយក្នុងការបង្ហាញពីទេពកោសល្យរបស់ខ្លួនក្នុងប្រទេសរុស្ស៊ី។ តារាឆ្នើមរបស់ក្លិប Chelsea រូបនេះបានឲ្យដឹងថា៖ «ពិតណាស់ នេះគឺជាពេលវេលារបស់យើងក្នុងការបង្ហាញពីភាពខ្លាំង។ យើងមានកីឡាករកំពូលៗជាច្រើន ហើយយើងលេងក្នុងនាមជាក្រុមមួយ ជាពិសេស បន្ទាប់ពីការយកឈ្នះលើក្រុមអង់គ្លេស។ វាស្ថិតក្នុងដៃរបស់យើង យើងត្រូវតែផ្តល់រាល់អ្វីៗទាំងអស់ និងរង់ចាំមើលអ្វីដែលកើតឡើង»។

Hazard បានបន្ថែមទៀតថា៖ «ខ្ញុំក៏មានភាពខ្លាំងជាងមុនបើធៀបកាលពី៤ឆ្នាំមុនក្នុងប្រទេសប្រេស៊ីល។ នោះគឺជាយុទ្ធនាការធំទី១សម្រាប់កីឡាករភាគច្រើននៃយើង។ ការប្រកួតវគ្គចាញ់ធ្លាក់ត្រូវតែមានបទពិសោធ និងអាចនឹងមានការស្មុគស្មាញ។ យើងមានកម្រិតនៃភាពចាស់ទុំដូចគ្នាក្នុងក្រុមនេះ ដែលនឹងបង្កើតឲ្យមានការប្រែប្រួលនៅពេលនេះ»។

លោក Roberto Martinez ដែលជាគ្រូបង្វឹក នឹងត្រូវប្រើប្រាស់ក្រុមខ្លាំងបំផុតរបស់លោកក្នុងជម្រើសទាំង ១១នាក់ដំបូង ក្រោយពីមិនប្រើប្រាស់កីឡាករដល់ទៅ៩នាក់ ក្នុងនោះរាប់បញ្ចូលទាំង Hazard, Romelu Lukaku និង Kevin De Bruyne ផងដែរ ក្នុងពេលពួកគេយកឈ្នះលើក្រុមជម្រើសជាតិអង់គ្លេស ១-០ ដើម្បីបញ្ចប់ដោយឈរលេខ១ក្នុងពូល។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១រំលងអធ្រាត្រ៕
ខ្សែប្រយុទ្ធ Eden Hazard ៖ បែលហ្ស៊ិក ដល់ពេលបង្ហាញភាពខ្លាំងហើយក្នុង World Cup
អត្ថបទទាក់ទង
