ខ្សែបម្រើដ៏មានឥទ្ធិពល Eden Hazard បានកោតសរសើរស្មារតីប្រយុទ្ធរបស់ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក ក្រោយពីក្រុមបិសាចក្រហមរបស់គេ បានវាយបកពីការដេញតាមពីក្រោយគ្រាប់បាល់ ២គ្រាប់ ដើម្បីផ្តួលក្រុមជម្រើសជាតិជប៉ុន ក្នុងលទ្ធផល ៣-២ និងឈានទៅវគ្គ ៨ក្រុមចុងក្រោយនៃយុទ្ធនាការ World Cup ជាមួយនឹងក្រុមជម្រើសជាតិប្រេស៊ីល។

ប្រធានក្រុមនៃក្រុមបែលហ្ស៊ិក Hazard ដែលបានជាប់ជាកីឡាករឆ្នើមប្រចាំការប្រកួតក្នុងទីក្រុង Rostov បានឲ្យដឹងថា៖ «យើងពិតជារីករាយណាស់ក្នុងការឈានទៅវគ្គ ៨ក្រុមចុងក្រោយ។ អ្វីៗបានដំណើរការមិនល្អឡើយនៅដើមតង់ទី២ ហើយគ្រាប់បាល់ទាំង ២គ្រាប់របស់ជប៉ុន គឺជារឿងមិនអាចជៀសផុតឡើយ ប៉ុន្តែ ប្រតិកម្មដែលយើងបានបង្ហាញពិតជាអស្ចារ្យណាស់»។ គ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងល្អរបស់កីឡាករ Nacer Chadli នៅនាទីទី៤ នៃនាទីបន្ថែម បានកាត់សេចក្តីក្នុងការប្រកួតវគ្គ ១៦ក្រុមចុងក្រោយដ៏រំភើបមួយតែម្តង។

បែលហ្ស៊ិក បានក្លាយជាក្រុមដំបូងគេក្នុងរយៈពេល ៤៨ឆ្នាំ ក្នុងការវាយបកដេញតាមពីក្រោយ ២-០ យ៉ាងជោគជ័យ ក្នុងការប្រកួត World Cup វគ្គចាញ់ធ្លាក់។ ក្រុមជម្រើសជាតិបែលហ្ស៊ិក នឹងត្រូវប៉ះជាមួយនឹងក្រុមម្ចាស់ជើងឯក ៥សម័យកាល ប្រេស៊ីល ក្នុងទីក្រុងកាហ្សាន់ នៅថ្ងៃសុក្រ ខាងមុខនេះ ក្រោយពីរកបានគ្រាប់បាល់បញ្ចូលទី ៣គ្រាប់ក្នុងតង់ទី២ ដើម្បីបំបែកតំបន់ការពារដ៏រឹងមាំរបស់ក្រុមជម្រើសជាតិជប៉ុន។ ក្រោយពីការចាញ់នេះ លោក Akira Nishino គ្រូបង្វឹកនៃក្រុមជម្រើសជាតិជប៉ុន បានឲ្យដឹងថា៖ «វាជាសោកនាដកម្មមួយ ប៉ុន្តែ ខ្ញុំត្រូវតែទទួលស្គាល់ថា ការបរាជ័យនេះជាការពិត ប៉ុន្តែ ខ្ញុំពិតជាមានអារម្មណ៍ខកចិត្តខ្លាំង និងសោកស្តាយណាស់»៕