លោក Juan Carlos Osorio គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិម៉ិកស៊ិក បានធ្វើការរិះគន់ទៅលើការកាត់សេចក្តីរបស់អាជ្ញាកណ្តាលសញ្ជាតិអ៊ីតាលី Gianluca Rocchi ក៏ដូចជាការសម្តែងក្នុងការប្រកួត ក្នុងពេលក្រុមខ្លួនចាញ់ក្នុងការប្រកួត World Cup វគ្គ១៦ក្រុមចុងក្រោយ ក្នុងលទ្ធផល ២-០ ក្រោមស្នាដៃក្រុមជម្រើសជាតិប្រេស៊ីល កាលពីថ្ងៃចន្ទ។

Neymar បានរកគ្រាប់បាល់បើកឆាកនៅនាទី ទី៥១ នៅកីឡដ្ឋាន Samara Arena និងជួយឲ្យ Roberto Firmino រកបានគ្រាប់បាល់ទី២នៅជិតបញ្ចប់ការប្រកួត។ ភាពតានតឹងផ្សេងៗបានកើតឡើង ក្រោយពីការប៉ះទង្គិចមួយជាមួយនឹងខ្សែបម្រើ Miguel Layun ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិម៉ិកស៊ិក បានព្យាយាមវាយបកដើម្បីរកគ្រាប់បាល់តាមស្មើវិញ។

ប៉ុន្តែ ការបង្ហាញពីទម្រង់លេងដ៏ល្អរបស់ Neymar ត្រូវបានមើលរំលងដោយសារតែការប្រើប្រាស់កលល្បិចរបស់គេក្នុងការបញ្ចេញប្រតិកម្មជ្រុលចំពោះការប្រជែងដណ្តើមបាល់មិនសូវជាធ្ងន់ធ្ងរ។ ទំព័រថ្មីចុងក្រោយបំផុតនៃការបញ្ចេញឥរិយាបថដ៏គួរឲ្យអស់សំណើចរបស់គេ បានកើតឡើងក្នុងតង់ទី២ នៅពេលដែលខ្សែបម្រើអន្តរជាតិម៉ិកស៊ិក Layun ហាក់ដូចជាបានជាន់ទៅលើជង្គង់របស់គេ ក្នុងពេលរូបគេកំពុងដួលលើទីលាន។

Neymar បានសម្តែងនូវការឈឺចាប់យ៉ាងខ្លាំង និងលោតចុះឡើង ដែលហាក់ដូចជារូបគេកំពុងតែឆក់ខ្សែភ្លើងអ៊ីចឹង។ ប៉ុន្តែ លោក Osorio វ័យ៥៥ឆ្នាំ បានបដិសេធក្នុងការនិយាយឈ្មោះ Neymar ចំៗ ក្រោយពីការបរាជ័យនេះប៉ុន្តែ បានបញ្ជាក់ថា ការសម្តែងក្នុងការប្រកួត ត្រូវបានកាត់សេចក្តីដោយមិនសមរម្យដោយលោក Rocchi។ គ្រូបង្វឹករូបនេះបានរិះគន់ថា៖ «ខ្ញុំគិតថា វាជារឿងដ៏អាម៉ាស់មួយក្នុងកីឡាបាល់ទាត់។ យើងបានខ្ជះខ្ជាយពេលវេលាជាច្រើនដោយសារតែកីឡាករតែម្នាក់។ យើងបានបាត់បង់ទម្រង់លេងរបស់យើងនៅតង់ទី២ ដោយសារតែអាជ្ញាកណ្តាល»៕

ប្រភពព័ត៌មាន៖ Channel News Asia