នាល្ងាចថ្ងៃនេះ ក្លឹប Real Madrid បានចេញមុខទាត់ចោលរបាយការណ៍ដែលថា ក្លឹបបានព្រមព្រៀងក្នុងការទិញខ្សែប្រយុទ្ធ Kylian Mbappe ពីក្លឹប PSG។

កាលពីពេលថ្មីៗនេះ អ្នកកាសែតបារាំងម្នាក់ បានរាយការណ៍ថា ក្លឹបអេស្ប៉ាញ Real Madrid បាន “ព្រមព្រៀង” ជាមួយ PSG ក្នុងការទិញ កីឡាករ Mbappe ក្នុងតម្លៃ ២៧២ លានអឺរ៉ូ (ប្រមាណ ៣១៦ លានដុល្លារសហរដ្ឋអាមេរិក)។
ចំពោះមុខរបាយការណ៍នេះ ក្លឹប Real Madrid ប្រមាណមួយម៉ោងមុននេះ បានចេញមុខបដិសេធ ហើយបានហៅការរាយការណ៍នេះ គឺ “ខុសពីការពិតទាំងស្រុង”។
ក្នុងសេចក្ដីជូនព័ត៌មានរបស់ក្លឹប បានសរសេរថា៖ “ក្លឹប Real Madrid សូមបញ្ជាក់ថារបាយការណ៍ដែលបានចែកចាយប៉ុន្មានម៉ោងទៅនេះ ដែលថា ក្លឹបបានព្រមព្រៀងជាមួយ PSG ដើម្បីផ្ទេរ Kylian Mbappe គឺខុសពីការពិតទាំងស្រុង។ ក្លឹប Real Madrid មិនបានធ្វើសំណើផ្ទេរទៅក្លឹប PSG ឬទៅកីឡាករឡើយ ហើយសូមថ្កោលទោសចំពោះរបាយការណ៍ខាងលើ”។
ការចេញមុខបដិសេធនេះ ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ ក្រោយក្លឹបយក្សអេស្ប៉ាញ បានចេញសេចក្ដីជូនព័ត៌មានប្រហាក់ប្រហែលគ្នា ទៅលើរបាយការណ៍របស់សារព័ត៌មានអេស្ប៉ាញមួយដែលថា ក្លឹបបានព្រមព្រៀងទិញ Neymar ក្នុងតម្លៃ ៣១០ លានអឺរ៉ូ (ប្រមាណ ៣៦០ លានដុល្លារសហរដ្ឋអាមេរិក)៕

Via :news.sabay
