នា​ល្ងាច​ថ្ងៃ​នេះ ក្លឹប Real Madrid បាន​ចេញ​មុខ​ទាត់​ចោល​របាយការណ៍​ដែល​ថា ក្លឹប​បាន​ព្រមព្រៀង​ក្នុង​ការ​ទិញ​ខ្សែ​ប្រយុទ្ធ Kylian Mbappe ពី​ក្លឹប PSG។ កាល​ពី​ពេល​ថ្មី​ៗ​នេះ អ្នក​កាសែត​បារាំង​ម្នាក់ បាន​រាយ​ការណ៍​ថា ក្លឹប​អេស្ប៉ាញ​ Real Madrid បាន “ព្រមព្រៀង” ជាមួយ​ PSG ក្នុង​ការ​ទិញ កីឡាករ Mbappe ក្នុង​តម្លៃ ២៧២ លាន​អឺរ៉ូ (ប្រមាណ ៣១៦ លាន​ដុល្លារ​សហរដ្ឋអាមេរិក)។

ចំពោះ​មុខ​របាយការណ៍​នេះ ក្លឹប Real Madrid ប្រមាណ​មួយ​ម៉ោង​មុន​នេះ បាន​ចេញ​មុខ​បដិសេធ ហើយ​បាន​ហៅ​ការ​រាយការណ៍​នេះ គឺ “ខុស​ពី​ការ​ពិត​ទាំង​ស្រុង”។

ក្នុង​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្លឹប បាន​សរសេរ​ថា៖ “ក្លឹប Real Madrid សូម​បញ្ជាក់​ថា​របាយការណ៍​ដែល​បាន​ចែក​ចាយ​ប៉ុន្មាន​ម៉ោង​ទៅ​នេះ ដែល​ថា ក្លឹប​បាន​ព្រមព្រៀង​ជាមួយ PSG ដើម្បី​ផ្ទេរ Kylian Mbappe គឺ​ខុស​ពី​ការ​ពិត​ទាំង​ស្រុង។ ក្លឹប Real Madrid មិន​បាន​ធ្វើ​សំណើ​ផ្ទេរ​ទៅ​ក្លឹប PSG ឬ​ទៅ​កីឡាករ​ឡើយ ហើយ​សូម​ថ្កោល​ទោស​ចំពោះ​របាយការណ៍​ខាង​លើ”។

ការ​ចេញ​មុខ​បដិសេធ​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ក្លឹប​យក្ស​អេស្ប៉ាញ បាន​ចេញ​សេចក្ដី​ជូន​ព័ត៌មាន​ប្រហាក់ប្រហែល​គ្នា ទៅ​លើ​របាយការណ៍​របស់​សារព័ត៌មាន​អេស្ប៉ាញ​មួយ​ដែល​ថា ក្លឹប​បាន​ព្រមព្រៀង​ទិញ Neymar ក្នុង​តម្លៃ ៣១០ លាន​អឺរ៉ូ (ប្រមាណ ៣៦០ លាន​ដុល្លារ​សហរដ្ឋអាមេរិក)៕
By: Sabay