ក្នុង​ប្រកួត​វគ្គ ១៦ ក្រុម​រំលង​អាធ្រាត្រ​ម្សិលមិញ អង់គ្លេស​បាន​យក​ឈ្នះ​កូឡុំប៊ី​ក្នុង​វគ្គ​ទាត់​បាល់​ពិន័យ ១១​ ម៉ែត្រ។ ការ​ឈ្នះ​នេះ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​អង់គ្លេស​ជា​ច្រើន សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង។ ក្នុង​នោះ​ក៏​រាប់​បញ្ចូល​បុរស​ម្នាក់ ដែល​មិន​ញញើត​អបអរ​ពេញ​ទំហឹង ក្នុង​បា​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​អ្នក​គាំទ្រ​កូឡុំប៊ី។

ក្នុង​វីដេអូ​ខ្លី​មួយ​បង្ហាញ​ពី​ទិដ្ឋភាព​ក្នុង​បា​មួយ​កន្លែង​នៅ​ទីក្រុង Moscow ដែល​ពោរពេញ​ទៅ​ដោយ​អ្នក​គាំទ្រ​ក្រុម​ជម្រើស​ជាតិ​កូឡុំប៊ី កំពុង​ទស្សនា​ក្រុម​ជម្រើស​ជាតិ​ខ្លួន និង​អង់គ្លេស ទាត់​បាល់​ពិន័យ​ ១១ ម៉ែត្រ ដើម្បី​កាត់​សេចក្ដី​ឡើង​វគ្គ World Cup បន្ទាប់។ នៅ​ពេល​ប្រកួត​បាន​បញ្ចប់​ដោយ​អង់គ្លេស​គឺ​ជា​អ្នក​ឈ្នះ ស្រាប់​តែ​លេច​នូវ​បុរស​ម្នាក់ ដែល​ទំនង​គាំទ្រ​ជ្រាលជ្រៅ​ក្រុម​ជម្រើស​ជាតិ​មួយ​នេះ បាន​សម្ដែង​ការ​អបអរ​យ៉ាង​ពេញ​ទំហឹង ហើយ​ស្រែក​ខ្លាំងៗ នៅ​ក្នុង​ហ្វូង​អ្នក​គាំទ្រ​កូឡុំប៊ី។


ទង្វើ​អបអរ​មិន​ខ្លាច​ចិត្ត​នេះ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កូឡុំប៊ី​ខ្លះ​នៅ​ក្នុង​បា​នោះ​មិន​សប្បាយ​ចិត្ត​ឡើយ ហើយ​ក៏​នាំ​គ្នា​ស្រែក​ថា “កូឡុំប៊ី”។ ជា​សំណាង​ល្អ មិន​មាន​អំពើ​ហិង្សា​ណា​មួយ​កើត​ឡើង​ឡើយ ក្នុង​ហេតុការណ៍​នេះ។


សូម​បញ្ជាក់​ផង​ដែរ​ថា គ្រាប់​បាល់​ប៉េណាល់ទី​របស់​ខ្សែ​ប្រយុទ្ធ Harry Kane នៅ​នាទី ៥៧ ជួយ​ឲ្យ​អង់គ្លេស​នាំ​មុខ​កូឡុំប៊ី ១-០។ យ៉ាង​នេះ​ក្ដី គ្រាប់​តែត​របស់​ Yerry Mina នៅ​ចុង​តង់ ជួយ​ឲ្យ​ជម្រើស​ជាតិ​អាមេរិក​ខាង​ត្បូង​តាម​ស្មើ​វិញ ហើយ​ធ្វើ​ឲ្យ​ការ​ប្រកួត​ឈាន​ទៅ​ដល់​ការ​ថែម​ម៉ោង ២ ដង និង​ចុង​ក្រោយ​ដល់​វគ្គ​ទាត់​បាល់​ពិន័យ ១១​ម៉ែត្រ។ ក្នុង​វគ្គ​នោះ អង់គ្លេស​ឈ្នះ​កូឡុំប៊ី​ក្នុង​លទ្ធផល ៤ ទល់​នឹង ៣៕
Via :news.sabay