
ការចាប់អារម្មណ៍ផ្សេងៗទៅនឹងការប្រកួតដ៏រំភើបនៃវគ្គ ៨ក្រុមចុងក្រោយរវាងក្រុមជម្រើសជាតិបារាំង និងអ៊ុយរូហ្គាយ នៅរាត្រីថ្ងៃសុក្រនេះ បានធ្លាក់ទៅលើសមត្ថភាពនៃកីឡាករម្នាក់ ប៉ុន្តែ ខ្សែការពារទាំង ៤នាក់ដ៏រឹងមាំរបស់ក្រុមជើងខ្លាំងមកពីអាមេរិកខាងត្បូងមួយនេះ អាចនឹងកាត់សេចក្តីទៅលើលទ្ធផលនៃការប្រកួត។

ស្របពេលដែលក្រុមជម្រើសជាតិអ៊ុយរូហ្គាយ កំពុងរង់ចាំភាពរឹងមាំរបស់ខ្សែប្រយុទ្ធ Edinson Cavani វាបានបង្ហាញឲ្យឃើញថា ការឈានទៅវគ្គ១/៤ផ្តាច់ព្រ័ត្ររបស់ក្រុមនេះ បានកើតឡើងដោយសារតែមានតំបន់ការពារដ៏រឹងមាំរបស់ពួកគេ ជាងតំបន់ប្រយុទ្ធរបស់ពួកគេ។ បើទោះបី ក្រុមជម្រើសជាតិបារាំង ដាក់ក្តីសង្ឃឹមទៅលើខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe ក៏ដោយ ប៉ុន្តែ វាហាក់ដូចជាមិនអាចទៅរួចឡើយដែលតារាឆ្នើមរូបនេះ អាចទម្លុះតំបន់ការពារដ៏រឹងមាំមួយដូចជាក្រុមអ៊ុយរូហ្គាយ ដោយងាយស្រួលនោះ។

ការប្រកួតក្នុងវគ្គ ៨ក្រុមចុងក្រោយដ៏រំភើបមួយនេះ ក្នុងទីក្រុង Nizhny Novgorod អាចនឹងត្រូវកាត់សេចក្តីដោយការប្រជែងគ្នាមួយរវាងតំបន់ការពាររបស់អ៊ុយរូហ្គាយ និងខ្សែប្រយុទ្ធល្បឿនលឿន Mbappe វ័យ១៩ឆ្នាំ។ ខណៈដែលត្រូវបានដឹកនាំដោយប្រធានក្រុម Diego Godin ដែលចាប់ដៃគូជាមួយនឹងកីឡាករ Jose Gimenez, Martin Caceres និង Diego Laxalt រួមជាមួយនឹងអ្នកចាំទីដៃស្អិត Fernando Muslera តំបន់ការពាររបស់អ៊ុយរូហ្គាយ មានកំណត់ត្រាដ៏ល្អបំផុតក្នុងយុទ្ធនាការ World Cup។ ពួកគេបានឆ្លងផុតវគ្គចែកពូល ដោយមិនបានរបូតសូម្បីតែ ១គ្រាប់ ហើយកីឡាករតែម្នាក់ដែលអាចរកបានគ្រាប់បាល់លើក្រុមជម្រើសជាតិអ៊ុយរូហ្គាយ គឺខ្សែការពារ Pepe របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្នុងវគ្គ ១៦ក្រុមចុងក្រោយ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៩យប់៕

ក្រុមជម្រើសជាតិបារាំង និងអ៊ុយរូហ្គាយ ប៉ះគ្នានៅរាត្រីថ្ងៃសុក្រនេះវគ្គ ៨ក្រុមចុងក្រោយ
អត្ថបទទាក់ទង
