លោក Roberto Martinez គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក បានទទួលស្គាល់ថា លោកមិនមានរឿងសម្ងាត់ឡើយ ខណៈដែលលោករៀបចំផែនការនានា ដើម្បីបញ្ចប់ក្តីសង្ឃឹមរបស់ក្រុមជម្រើសជាតិប្រេស៊ីល ក្នុងការប្រជែងរកការឈ្នះពាន World Cup ជាលើកទី៦ នៅមុនពេលការប្រកួតវគ្គ ៨ក្រុមចុងក្រោយដ៏គួរឲ្យចាប់អារម្មណ៍របស់ពួកគេ ក្នុងទីក្រុង Kazan នៅរាត្រីថ្ងៃសុក្រនេះ។

ប៉ុន្តែ ជំនាន់មាសរបស់ក្រុមជម្រើសជាតិបែលហ្ស៊ិក ត្រូវបានរំឭកប្រាប់ឲ្យដឹងថា ការប្រកួតជាមួយនឹងក្រុមខ្លាំងមួយនេះ អាចនឹងក្លាយជាឱកាសចុងក្រោយរបស់ពួកគេ ក្នុងការបញ្ចេញសមត្ថភាព នៅលើឆាកពិភពលោក។ ក្រោយពីការឈ្នះកៅអីទៅវគ្គ ៨ក្រុមចុងក្រោយ តាមរយៈការផ្តួលក្រុមជម្រើសជាតិជប៉ុន ទាំងព្រលឹងចុងសក់ក្នុងលទ្ធផល ៣-២ ក្នុងការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ លោក Martinez បានឲ្យដឹងថា៖ «វាជាការប្រកួតនៃក្តីសុបិនមួយសម្រាប់កីឡាកររបស់យើង»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «វានឹងមិនមានរឿងសម្ងាត់ច្រើនឡើយក្នុងការប្រកួតនេះ។ យើងត្រូវតែការពារឲ្យបានល្អតាមដែលយើងអាច ហើយបន្ទាប់មក បានផ្តល់ការដល់ពួកគេ នៅពេលដែលយើងមានបាល់។ វាជាផែនការដ៏សាមញ្ញ ហើយក្រុមនេះត្រៀមរួចរាល់ហើយសម្រាប់ការប្រកួតនោះ»។

ក្រុមជម្រើសជាតិបែលហ្ស៊ិក ដែលមានកីឡាករដ៏មានទេពកោសល្យជាច្រើនដូចជា Eden Hazard របស់ក្លិប Chelsea ខ្សែបម្រើ Kevin De Bruyne របស់ក្លិប Manchester City និងខ្សែប្រយុទ្ធ Romelu Lukaku របស់ក្លិប Man United ពិតជាមានសក្តានុពលក្នុងការបង្កើតឲ្យមានការភ្ញាក់ផ្អើលក្នុងព្រឹត្តិការណ៍ World Cup។ បើទោះបីឆ្លងផុតវគ្គចែកពូលដោយងាយក៏ដោយ ប៉ុន្តែ ក្រុមជម្រើសជាតិបែលហ្ស៊ិករបស់លោក Martinez ត្រូវតែខិតខំព្យាយាមឲ្យបានខ្លាំងក្លា ប្រសិនបើពួកគេចង់ទៅវគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី១៥ ខែកក្កដា ក្នុងទីក្រុងម៉ូស្គូ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១រំលងអធ្រាត្រ៕