អតីត​កីឡាករឆ្នើមលោក David Beckham បាន​ផុស​រូប​លើ​បណ្ដាញ​សង្គមរំឭក​ដល់ Zlatan Ibrahimovic កុំ​ភ្លេច​ពាក់​អាវ​ជម្រើស​អង់គ្លេស​មក​មើល​អង់គ្លេស​លេង​នៅ​កីឡដ្ឋាន ​Wembley។

ការ​ផុស​បែប​នេះ​​​ដោយ​មុន​ការ​ប្រកួត​រវាង​អង់គ្លេស​និង​ស៊ុយអែត​វគ្គ​៨​ក្រុម​ចុងក្រោយ​យប់​មិញ Zlatan បាន​ភ្នាល់​ជាមួយ Beckham ថា​ប្រសិន​​បើ​អង់គ្លេស​ឈ្នះ​​​​លោក​សុខចិត្ត​ប៉ាវ​អាហារ​ពេលល្ងាច​ឲ្យ Beckham កន្លែង​ណា​ក៏​បាន​នៅ​ជុំវិញ​ពិភពលោក​ ឲ្យ​តែ​អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ពេញ​ចិត្ត។ ប៉ុន្តែ​ប្រសិន​បើ ស៊ុយអែត​ឈ្នះ​វិញ អតីត​សមាជិក LA Galaxy ត្រូវ​ទិញ​ផលិត​ផល​ម៉ាក IKEA ឲ្យ​ខ្លួន​វិញ។

​Beckham ក៏​ព្រម​សំណើ​​នេះ តែ​គេ​ក៏​បាន​ដាក់​ការ​សន្យា​ទៅ​វិញ​ដែរ​ថា បើ​អង់គ្លេស​ឈ្នះ​វិញ Zlatan ត្រូវ​មក​មើល​ជម្រើស​ជាតិ​អង់គ្លេស​លេង​​នៅ​កីឡដ្ឋាន Wembley ដោយ​ពាក់​អាវ​ជម្រើស​ជាតិ​អង់គ្លេស។

ទីបំផុត​ឆ្លង​កាត់​ការ​ប្រកួត​យប់​មិញ Beckham គឺ​ជា​អ្នក​ឈ្នះ​ការ​ប្រកួត​នេះ​ដោយ​អង់គ្លេស​បាន​ទទួល​ជ័យ​ជម្នះ​លើ​ស៊ុយអែត​លទ្ធផល​២-០។ ​គ្រាន់​តែ​ឈ្នះ​ភ្លាម​​អតីត​​កីឡាករ​របស់ Real Madrid បាន​កាត់​ត​រូប Zlatan ពាក់​អាវ​ជម្រើស​ជាតិ​អង់គ្លេស​ឆ្នាំ​១៩៩៨​និង​សរសេរ​ភ្ជាប់​ថា៖ “ដូច​ជា​មាន​នរណា​នឹង​មក​ Wembley ម្ដង​ទៀត។ Ibrahimovic ក៏​បាន​តប​វិញ​ដែរ​ថា៖ “ខ្ញុំ​កំពុង​ទៅ​ហើយ អបអរសាទរ”៕