គ្រូ​ជម្រើស​ជាតិ​បារាំ​ង Didier Deschamps លើក​ឡើង លោក​​នៅ​តែ​ទុក​ចិត្ត​​ឲ្យ Olivier Giroud លេង​​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ទោះ​គេ​មិន​ទាន់​រក​បាន​១​គ្រាប់​ក្ដី។

៤​ប្រកួត​ចុងក្រោយ​លេង​ឲ្យ​ជម្រើស​ជាតិ​បារាំង Giroud វ័យ​៣១​ឆ្នាំ​បង្ហាញ​មុខ​ជា​ជម្រើស​ដំបូង​រហូត ប៉ុន្តែ​ហាក់​មិនមាន​សំណាង​រក​គ្រាប់​បាល់​សោះ។ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​បារាំង​នឹង​ត្រូវ​ជួប​នៅ​តំបន់​អឺរ៉ុប​ដូច​គ្នា​គឺ​បែលហ្ស៊ិក ដើម្បី​រក​កន្លែង​ទៅ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ។

ពាក់ព័ន្ធ​នឹង​ចំណុច​របស់ Giroud លោក Deschamps បាន​លើក​ឡើង​ថា ត្បិត​គេ​គ្មាន​ក្បាច់​លេង​ទាក់ទាញ​ដូច​កីឡាករ​ដទៃ តែ​ក្រុម​ទាំង​មូល​ត្រូវ​ការ​គេ​គ្រប់​ប្រកួត ព្រោះ​ទោះ​គេ​មិន​អាច​រក​គ្រាប់​បាល់​ តែ​គេ​បាន​ធ្វើ​រឿង​ច្រើន​សម្រាប់​ក្រុម។

កាល​​នៅ​ជា​កីឡាករ Deschamps គឺ​ជា​ខ្សែ​បម្រើ​សំខាន់​ជួយ​បារាំង​ឈ្នះ World Cup ឆ្នាំ​១៩៩៨ តែ​រក​មិន​បាន​​​១គ្រាប់​សោះ។ ខណៈ​មិត្តរួម​ក្រុម​ម្នាក់​ទៀត​​ដែល​ជា​ខ្សែ​ប្រយុទ្ធ Stephane Guivarc ក៏​មិន​អាច​រក​គ្រាប់​បាល់​បាន​ដូច​គ្នា បន្ទាប់​ពី​លេង​​បាន​២៦៨​នាទី។ ក្នុង​ WC 2018 Olivier Giroud លេង​បាន​៣៨០​នាទី​ទាត់​បាន​៧​ជើង មិន​ចំ​គោលដៅ​សូម្បី​១​ជើង៕ ​
ប្រភពពី: Sabay