លោក Zlatko Dalic គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិក្រូអាស៊ី បានចាត់ទុក Raheem Sterling ជាកីឡាករដ៏គ្រោះថ្នាក់របស់ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup នៅថ្ងៃពុធនេះ។

Sterling បានក្លាយជាសមាជិកដ៏សំខាន់របស់ក្លិប Manchester City ដែលបានឈ្នះពានក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន ប៉ុន្តែមិនសូវមានទម្រង់លេងប្រកបដោយប្រសិទ្ធិភាពក្នុងការធ្វើដំណើររបស់ក្រុមអង់គ្លេស ទៅកាន់វគ្គ ៤ក្រុមចុងក្រោយ ជាលើកទី១ បើគិតចាប់តាំងពីឆ្នាំ១៩៩០ ឡើយ។ បើទោះបីជួបការខកចិត្តមួយចំនួនទៅលើទម្រង់លេងក៏ដោយ លោក Gareth Southgate គ្រូបង្វឹកនៃក្រុមជម្រើសជាតិអង់គ្លេស បានរក្សាការជឿជាក់ទៅលើកីឡាករវ័យ ២៣ឆ្នាំរូបនេះ ហើយល្បឿនរបស់គេបានក្លាយជាការគំរាមដ៏គួរឲ្យផិតភ័យមួយទៅលើតំបន់ការពាររបស់ក្រុមជម្រើសជាតិស៊ុយអែត ក្នុងពេលក្រុមជម្រើសជាតិអង់គ្លេស ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-០ ក្នុងការប្រកួតវគ្គ ៨ក្រុមចុងក្រោយ កាលពីថ្ងៃសៅរ៍។

លោក Dalic បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអាទិត្យថា៖ «ខ្ញុំគិតថា Raheem Sterling គឺជាកីឡាករដ៏សំខាន់ម្នាក់ ពីព្រោះរូបគេមានល្បឿនលឿន និងគ្រោះថ្នាក់រួមជាមួយនឹងខ្សែប្រយុទ្ធ Harry Kane»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំមិនបាននិយាយថា វាមាននូវភាពខ្សោយណាមួយក្នុងក្រុមរបស់អង់គ្លេសឡើយ ចាប់តាំងពីពួកគេស្ថិតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ពួកគេលេងបាល់ដោយផ្ទាល់ ប្រកបដោយភាពគ្រោះថ្នាក់ និងមានល្បឿនលឿន ហើយពួកគេពិតជាមានសាមគ្គីភាពល្អ និងមានភាពគ្រោះថ្នាក់ពេលស៊ុតបាល់ចេញពីជ្រុង»៕