សហព័ន្ធកីឡាបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានតែងតាំងលោក Luis Enrique ជាគ្រូបង្វឹកថ្មីនៃក្រុមជម្រើសជាតិអេស្ប៉ាញ។ នេះបើយោងទៅតាមការការប្រកាសរបស់ប្រធានសហព័ន្ធលោក Luis Rubiales អំឡុងពេលនៃសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃចន្ទ។

លោក Rubiales បានឲ្យដឹងថា៖ «ការសម្រេចចិត្តពិតជាឯកច្ឆន្ទ។ ខ្ញុំចូលចិត្តការប្តេជ្ញាចិត្តរបស់គាត់ ហើយគាត់បានច្រានចោលការងារដែលផ្តល់ប្រាក់ខែខ្ពស់ ដើម្បីដឹកនាំក្រុមអេស្ប៉ាញ។ គាត់ជាគ្រូបង្វឹកម្នាក់ ដែលបំពេញរាល់តម្រូវការផ្សេងៗ ដែលសហព័ន្ធកំពុងតែស្វែងរក»។ ក្នុងនាមជាអតីតខ្សែបម្រើរបស់ក្លិប Sporting Gijon, Real Madrid និង Barcelona លោក Luis Enrique បានឈ្នះពានក្របខ័ណ្ឌ La Liga ២លើក ពាន Champions League ១លើក និងពាន King’s Cups ៣លើក ក្នុងនាមជាគ្រូបង្វឹករបស់ Barca នៅចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០១៧។

លោកក៏បានដឹកនាំក្លិប Celta Vigo និងក្រុមជម្រើសទី២ របស់ Barcelona ហើយលោកបានចំណាយពេលកាលពីឆ្នាំមុនដោយការទំនេរពីការងារ ចាប់តាំងពីចាកពីកីឡដ្ឋាន Nou Camp កាលពីខែឧសភា ឆ្នាំ២០១៧។ លោក Enrique នឹងចូលជំនួសកន្លែងរបស់លោក Fernando Hierro ដែលបានដឹកនាំក្រុមអេស្ប៉ាញ អំឡុងពេលនៃយុទ្ធនាការ World Cup ឆ្នាំនេះ ក្រោយពីលោក Julen Lopetegui ត្រូវបានបណ្តេញចេញក្នុងរយៈពេលត្រឹមតែ១ថ្ងៃ នៅមុនពេលយុទ្ធនាការនេះ ចាប់ផ្តើម ដោយសារតែលោកបានយល់ទៅដឹកនាំក្លិប Real Madrid៕

លោក Luis Enrique ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុមអេស្ប៉ាញ
អត្ថបទទាក់ទង
