ខ្សែប្រយុទ្ធ Cristiano Ronaldo បានចូលរួមជាមួយនឹងម្ចាស់ជើងឯកអ៊ីតាលី Juventus ពីក្លិប Real Madrid ក្នុងកិច្ចសន្យារយៈពេល ៤ឆ្នាំ តម្លៃខ្លួន ១០០លានអឺរ៉ូ (ស្មើនឹង១១៧,៣៤លានដុល្លារអាមេរិក)ដើម្បីបញ្ចប់រយៈពេល ៩ឆ្នាំជាមួយនឹងក្លិបយក្សអេស្ប៉ាញមួយនេះ រួមជាមួយនឹងការឈ្នះពាន និងការរកគ្រាប់បាល់បានជាច្រើន។

ក្លិបយក្សរបស់អឺរ៉ុបទាំង២ បានប្រកាសកាលពីថ្ងៃអង្គារពីការផ្ទេរដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ពិភពលោក ៥សម័យកាលរូបនេះ ដែលបានចូលរួមជាមួយនឹងក្លិប Real ពីក្លិប Manchester United កាលពីឆ្នាំ២០០៨ សម្រាប់តម្លៃខ្លួនជាកំណត់ត្រាពិភពលោកកាលនោះចំនួន ៨០លានផោន (ស្មើនឹង១០៦លានដុល្លារអាមេរិក)។ ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់វ័យ ៣៣ឆ្នាំរូបនេះ គឺជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេរបស់ក្លិប Real Madird ជាមួយនឹងការរកបាន ៤៥១គ្រាប់ ក្នុងរាល់យុទ្ធនាការទាំងអស់ និងបានឈ្នះពាន La Liga ២លើក និងពាន Champions League ៤លើកជាមួយនឹងពួកគេ។

ការចុះហត្ថលេខាជាមួយនឹងម្ចាស់ពាន Ballon d’Or និងជាអ្នករកបានគ្រាប់បាល់ច្រើនជាងក្នុងក្របខ័ណ្ឌ Champions League សម្រាប់រយៈពេល ៦រដូវកាលចុងក្រោយរូបនេះ បង្ហាញពីការផ្ទេរដ៏ធំមួយសម្រាប់ Juventus ដែលបានគ្រប់គ្រងស្ទើរតែទាំងស្រុងក្នុងក្របខ័ណ្ឌលីកអ៊ីតាលី ចាប់តាំងពីឆ្នាំ២០១២ ប៉ុន្តែមិនធ្លាប់បានបឈ្នះពានអឺរ៉ុបសោះ ចាប់តាំងពីឆ្នាំ១៩៩៦៕

ខ្សែប្រយុទ្ធ Cristiano Ronaldo បំពេញការផ្ទេរពីក្លិប Real ទៅ Juventus ក្នុងតម្លៃខ្លួន ១០០លានអឺរ៉ូ
អត្ថបទទាក់ទង
