ក្រុម​ជម្រើស​ជាតិ​ក្រូអាត​​បាន​វាយ​​បក​យក​​លើ​ក្រុម​តោ​កំណាច​អង់គ្លេស​ដើម្បី​​​បង្កើត​ប្រវត្តិ​សាស្ត្រ​​​​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៨​នេះ​​ បន្ទាប់​ពី​ឈ្នះ​ដោយ​លទ្ធផល​ ២-១ ​រយៈ​ពេល​១២០​នាទី​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

វគ្គ​ទី​១​ អង់គ្លេស​​បាន​ប្រើ​ពេល​ត្រឹម​តែ​៥​នាទី​ប៉ុណ្ណោះ​ដើម្បី​បំបែក​ពងមាន់​របស់​​ក្រូអាត​ដោយ​ការ​ទាត់​បាល់​ពិន័យ​ហ្វ្រីឃីក​របស់​កីឡាករ​ Kieran Trippier បន្ទាប់​ពី​ខ្សែ​ការពារ​របស់​ក្រូអាត​បង្ក​កំហុស​លើ​ខ្សែ​បម្រើ​ Lingard។ បន្ទាប់​ពី​គូ​ប្រកួត​នាំ​មុខ ក្រូអាត​បាន​ព្យាយាម​សម្រុក​មួយ​ៗ​​ និង​បង្កើត​ឱកាស​មួយ​លើក​ជា​ពីរ​លើក​តែ​មិន​បាន​សម្រេច​ ខណៈ​អង់គ្លេស​​ប្រឹង​ការពារ​វាយ​បក​រហូត​ចប់​វគ្គ​ទី​មួយ។

វគ្គ​ទី​ពីរ​ ក្រូអាត​បាន​បន្ត​ដាក់​សម្ពាធ​លើ​អង់គ្លេស​​ដើម្បី​ព្យាយាម​​រក​គ្រាប់​បាល់​តាម​ស្មើ។ ចំពោះ​ការ​វាយ​សម្រុក​មើល​ឃើញ​ថា ក្រូអាត​លេង​ដោយ​បច្ចេកទេស​ និង​សន្សឹម​ៗ​ឆ្ពោះ​ទៅ​មុខ​ទី​របស់​​អង់គ្លេស។ ក្តី​រំភើប​រីក​រាយ​របស់​ក្រូអាត​បាន​​កើត​​ឡើង​នៅ​ពេល​ Ivan Perisic តែត​ចូល​ទី​បាន​សម្រេច​​តាម​រយៈ​ Sime Vrsaljko ជា​អ្នក​លើក​បាល់​ដើម្បី​តាម​ស្មើ​ ១-១​ នៅ​នាទី​៦៨។ បន្ទាប់​ពី​តាម​ស្មើ​ហើយ ក្រូអាត​បាន​ធ្វើ​ឲ្យ​អង់គ្លេស​ព្រលឹង​ចុង​សក់​​តាម​រយៈ​ការ​វាយ​សម្រុក​ និង​ទទួល​ឱកាស​មាស​ស៊ុត​ ប៉ុន្តែ​បាល់​ទៅ​បុក​របាទី។ ចប់​៩០​នាទី​ស្មើ​គ្នា ១-១ ដែល​តម្រូវ​ថែម​ម៉ោង​១៥នាទី​ពីរ​ដង។

ការ​ថែម​ម៉ោង​១៥​នាទី​​លើក​ទី​១​​នៅ​តែ​គ្មាន​គ្រាប់​បាល់​ទម្លាយ​សំណាញ់​ទី​គ្នា បើ​ទោះ​បី​ជា​ក្រុម​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​កីឡាករ​ថ្មី​ចូល​ដូច​គ្នា។ ១៥​នាទី​ចុង​ក្រោយ​ទើប​មាន​គ្រាប់​​បាល់​កើត​ឡើង​ បន្ទាប់​ពី​ក្រូអាត​បាន​វាយ​សម្រុក​ដោយ​​ខ្សែ​ប្រយុទ្ធ Manzukic បាន​ក្លាយ​ជា​វីរបុរស​​ឲ្យ​ក្រូអាត​ក្នុង​ការ​ស៊ុត​ចូល​ទី​អង់គ្លេស​នៅ​នាទី​​១០៩​ដើម្បី​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ជួប​ក្រុម​មាន់​គក​បារាំង៕

Croatia vs England 2-1 Highlights 2018 World Cup

Via : Sabay