បាល់ទាត់៖ កាលពីថ្ងៃពុធម្សិលម៉ិញនេះក្លឹបហង្សក្រហម Liverpool បានបើកការចរចាបង្ហាញពីការចង់បាន ខ្សែប្រយុទ្ធស្វីស Xherdan Shaqiri ដោយតំលៃត្រូវគេប៉ាន់ប្រមាណប្រហែលជាង ១៣លានផោន។

កីឡាករវ័យ ២៦ឆ្នាំរូបនេះគឺជាអ្នកស៊ុតបញ្ចូលទី ពេលតទល់នឹងសែកប៊ៀនៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៨ ដែលធ្វើឲ្យស្វីសអាចឈានឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយបាន ប៉ុន្តែត្រូវចាញ់ក្រោមថ្វីដៃស៊ុយអែត។ គួររំលឹកថា Shaqiri បានទៅចូលរួមជាមួយក្រុម Stoke City ក្រោយការចាកចេញពីក្លឹប Inter Milan នៅខែសីហាឆ្នាំ២០១៥ ពេលនោះគេក្លាយជាកីឡាករមានតំលៃ កំណត់ត្រារបស់ក្លឹបគឺចំនួន ១២លានផោន។ កីឡាករខ្សែប្រយុទ្ធកើតនៅយូហ្គូស្លាវី Xherdan Shaqiri រូបនេះ គឺជាអ្នកស៊ុតបានច្រើនជាងគេនៅក្លឹបរដូវកាលមុនចំនួន ៨គ្រាប់ ប៉ុន្តែត្រូវកាត់ចេញពីក្របខណ្ឌកំពូលអង់គ្លេស Premier League។

កាលពីខែមិថុនាកន្លងមក Xherdan Shaqiri ផ្ទាល់ធ្លាប់បានរាយការណ៍ថា ចង់ចាកចេញពីក្លឹបមួយនេះ ដើម្បីស្វែងរកការប្រកួតប្រជែងថ្មីនៅអង់គ្លេស។ គួរបញ្ជាក់ថា Liverpool បានពង្រឹងសមត្ថភាពក្រុមជាខ្លាំង ដើម្បីត្រៀមបើករដូវកាលថ្មី ក្រោយពីបានចុះហត្ថលេខានាំយកខ្សែបំរើកណ្ដាលពី AS Monaco សញ្ជាតិប្រេស៊ីល Fabinho រួមជាមួយនឹងកីឡាករ Naby Keita ពី RB Leipzig ផងដែរ៕

Liverpool បើកការចរចាចង់បានខ្សែប្រយុទ្ធរបស់ក្លឹប Stoke City
អត្ថបទទាក់ទង
