ក្លិបតោខៀវ Chelsea បានបណ្តេញលោក Antonio Conte សញ្ជាតិអ៊ីតាលី ចេញពីតំណែងក្នុងនាមជាអ្នកចាត់ការទូទៅ។ នេះបើយោងទៅតាមបណ្តាញសារព័ត៌មាននៅចក្រភពអង់គ្លេស និងអ៊ីតាលី កាលពីថ្ងៃព្រហស្បតិ៍។

លោក Aurelio De Laurentiis ប្រធានក្លិប Napoli បានបញ្ជាក់កាលពីថ្ងៃពុធថា ក្រុមស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយនេះ ជិតបានបំពេញការនាំយកលោក Maurizio Sarri អតីតគ្រូបង្វឹករបស់ក្លិប Napoli ដើម្បីជំនួសកន្លែងរបស់លោក Conte ជាផ្លូវការហើយ។

មិនមានការប្រកាសភ្លាមៗពីសំណាក់ក្លិប Chelsea ដែលបានឈ្នះពានក្របខ័ណ្ឌ Premier League ជាមួយនឹងលោក Conte ក្នុងរដូវកាលទី១របស់លោក ឡើយ ក្រោយពីចូលរួមជាមួយនឹងក្លិបនេះ ក្នុងឆ្នាំ២០១៦ និងក៏បានឈ្នះពាន FA Cup ក្នុងរដូវកាលចុងក្រោយរបស់លោកផងដែរ។ អតីតអ្នកចាត់ការទូទៅនៃក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលីរូបនេះ នៅជាប់កុងត្រារយៈពេល ១ឆ្នាំទៀតក្នុងកិច្ចសន្យាបច្ចុប្បន្នរបស់លោក និងបានដឹកនាំការត្រៀមលក្ខណៈផ្សេងៗមុនបើករដូវកាលរួចជាស្រេច នៅឯទីលានហ្វឹកហាត់ Cobham របស់ក្លិបនេះ។

អនាគតរបស់លោក Conte ជាមួយនឹងក្លិបដែលជាកម្មសិទ្ធិរបស់លោក Roman Abramovich មួយនេះ បានស្ថិតក្នុងភាពមិនច្បាស់អស់រយៈពេលជាច្រើនខែមកហើយ ក្រោយពីក្លិបមានមូលដ្ឋាននៅទីក្រុងភាគខាងលិចមួយនេះ មិនអាចឈ្នះសិទ្ធិទៅប្រកួតក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលខាងមុខនេះ ក្រោយពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ ក្នុងរដូវកាលឆ្នាំ២០១៧-២០១៨៕