ខ្សែបម្រើ Alex Oxlade-Chamberlain របស់ក្លិប Liverpool អាចនឹងត្រូវអវត្តមានក្នុងរដូវកាលទាំងមូលខាងមុខនេះ ខណៈដែលក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League បានបញ្ជាក់កាលពីថ្ងៃពុធថា ពួកគេបានដឹងពីព័ត៌មាននេះរួចជាស្រេច។

ខ្សែបម្រើវ័យ ២៤ឆ្នាំរូបនេះ បានរងរបួសត្រង់ជង្គង់យ៉ាងធ្ងន់ធ្ងរ អំឡុងពេលនៃការប្រកួតជើងទី១ ក្នុងក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Roma កាលពីខែមេសា និងបានទទួលការវះកាត់យ៉ាងជោគជ័យក្នុងរយៈពេល ៨ថ្ងៃក្រោយមក។ ក្លិប Liverpool បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ទំហំនៃការអវត្តមានរបស់គេ មិនត្រូវបានប្រកាសឲ្យដឹងនៅពេលនេះឡើយ ស្របពេលតាមសំណើរបស់ Oxlade-Chamberlain ដែលមិនចង់ឲ្យព័ត៌មាននេះប៉ះពាល់ដល់ការប្រកួតក្របខ័ណ្ឌ Champions League របស់ហង្សក្រហម និងភាពរំភើបនានាជុំវិញយុទ្ធនាការរបស់ពួកគេ»។

លោក Jurgen Klopp ដែលជាអ្នកចាត់ការទូទៅ បានប្រាប់គេហទំព័រ liverpoolfc.com ថា លោកបានដឹងថា អតីតតារាឆ្នើមរបស់ក្លិប Arsenal រូបនេះ នឹងមិនអាចចូលលេងឡើយសម្រាប់រដូវកាលឆ្នាំ២០១៨-២០១៩។ លោក Klopp បានឲ្យដឹងថា៖ «បច្ចុប្បន្នវាហាក់បង្ហាញថា វាជាពេលវេលាដ៏សមរម្យក្នុងការប្រាប់មនុស្សទាំងអស់ថា Ox នឹងផ្តោតលើការធ្វើឲ្យជាសះស្បើយពីរបួស និងវិលទៅរកភាពរឹងមាំវិញសម្រាប់រដូវកាលខាងមុខនេះ»៕
ខ្សែបម្រើ Oxlade-Chamberlain របស់ Liverpool នឹងត្រូវអវត្តមានពេញ ១រដូវកាល
អត្ថបទទាក់ទង
