ក្រុមវិសាខា និងព្រះខ័នរាជស្វាយ នឹងត្រូវវិលមកសងសឹកក្រុមអាស៊ីអឺរ៉ុប (AEU) និងក្រុមអង្គរថាយហ្គឺរ ក្នុងការប្រកួតជើងទី២ លីកកំពូលកម្ពុជា ឆ្នាំ២០១៨ នៅចុងសប្តាហ៍នេះ ហើយក្រុមបឹងកេត ក៏ត្រូវធ្វើការប្រកួតជម្រះភាពមន្ទិលចំពោះការស្មើ កាលពីជើងទី១ ជាមួយក្រុមសូលទីឡូអង្គរ ផងដែរ។

គេនៅចាំបានថា អាស៊ីអឺរ៉ុប បានក្លាយជាក្រុមដំបូងគេ ដែលបានធ្វើឲ្យក្រុមចំណូលថ្មី វិសាខា ស្គាល់រសជាតិចាញ់ សម្រាប់ការបង្ហាញខ្លួនលើកទី១ ក្នុងលីកកំពូលកម្ពុជា ឆ្នាំ២០១៨នេះ តាមរយៈការយកឈ្នះ ២-០ ប៉ុន្តែការវិលមកជួបគ្នាលើកនេះ អាស៊ីអឺរ៉ុប ដែលហាក់មានការធ្លាក់ចុះនូវទម្រង់លេងនោះ អាចមានភាគរយតិចជាងក្រុមវិសាខា ក្នុងការប្រជែងយក៣ពិន្ទុលើកនេះ។

ទោះបីជាយ៉ាងណា លោក ហុក សុជីវ័ន គ្រូបង្វឹកក្រុមវិសាខា នៅតែមិនហ៊ានមើលរំលងក្រុមអាស៊ីអឺរ៉ុប។ លោកបានប្រាប់ថា៖ «ការវិលមកជួបក្រុមអាស៊ីអឺរ៉ុប លើកនេះ យើងនៅតែមានផលលំបាក ដោយសារយើងបានប្រកួតជាប់ៗគ្នាពេក គឺទាំងពានសម្តេច ហ៊ុន សែន និងលីកកំពូលនេះ ហើយយើងក៏មិនអាចវាយតម្លៃពីការប្រកួត ដោយគ្រាន់តែមើលឃើញពីការធ្លាក់ចុះរបស់ក្រុមគេនោះទេ ព្រោះការប្រកួតមួយៗ វាតែងតែមានការប្លែករហូត»។

យ៉ាងណាមិញ ក្រុមព្រះខ័នស្វាយរៀង ត្រូវប្រកួតសងសឹកជាមួយក្រុមអង្គរថាយហ្គឺរ ដែលពួកគេធ្លាប់ចាញ់ ៣-១ កាលពីជើងទី១ ហើយការលត់ក្រុមប៉ូលិស ៤-០ និងការបន្តឈ្នះក្រុមអគ្គិសនីកម្ពុជា ៤-២ កាលពីសប្តាហ៍មុន វាបានបង្ហាញថា ក្រុមស្វាយរៀង មានកម្រិតលេងល្អជាងជើងទី១ ប៉ុន្តែដោយសារការប្រកួតលើកនេះ ត្រូវធ្វើនៅលើទឹកដីក្រុមអង្គរថាយហ្គឺរ អ៊ីចឹងការដណ្តើមយក៣ពិន្ទុរវាងក្រុមទាំង២នេះ នៅមិនទាន់ប្រាកដនៅឡើយទេ។

ចំណែកក្រុមឈរនៅកំពូលតារាងមាន៣៦ពិន្ទុ បឹងកេត ត្រូវស្វាគមន៍ក្រុមសូលទីឡូអង្គរ ដែលពួកគេធ្លាប់ស្មើ ១-១។ លោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេត មិនសប្បាយចិត្តចំពោះការស្មើនោះទេ ហេតុនេះការវិលមកជួបគ្នាលើកនេះ លោកនឹងប្រើគ្រប់វិធីសាស្រ្ត ដើម្បីយកឈ្នះក្រុមសូលទីឡូអង្គរ ដើម្បីពង្រឹងទីតាំងលេខ១របស់បឹងកេត។
ជាមួយគ្នានេះដែរ ក្រុមក្រសួងការពារជាតិ (ទ័ព) ដែលកំពុងឈរនៅលេខ៤ មាន៣០ពិន្ទុ ក្រោមក្រុមវិសាខា និងណាហ្គាវើល មាន៣២ពិន្ទុស្មើគ្នានោះ ត្រូវបានគេមើលឃើញថា អាចនឹងឈ្នះបាន៣ពិន្ទុបន្ថែមទៀត ព្រោះលើកនេះពួកគេត្រូវវិលទៅជួបក្រុមឈរនៅបាតតារាង វេស្ទើន ដែលពួកគេធ្លាប់លត់ ៨-០ ហើយក្រុមប៉ូលិស ត្រូវជួបក្រុមអគ្គិសនីកម្ពុជា ដែលពួកគេ ធ្លាប់ឈ្នះ ៤-១៕

កម្មវិធីប្រកួតទាំង៣គូ នៅថ្ងៃសៅរ៍
-ក្រុមអាស៊ីអឺរ៉ុប v វិសាខា នៅ AEU Sport Park វេលាម៉ោង ១៥:០០
-ក្រុមបឹងកេត v សូលទីឡូអង្គរ នៅពហុកីឡដ្ឋានជាតិ ម៉ោង ១៨:០០
-ក្រុមអង្គរថាយហ្គឺរ v ស្វាយរៀង នៅកីឡដ្ឋានខេត្តសៀមរាប ម៉ោង ១៥:៣០
សម្រាប់២ប្រកួត ត្រូវធ្វើនៅថ្ងៃអាទិត្យ
-ក្រុមវេស្ទើន v ក្រសួងការពារជាតិ នៅកីឡដ្ឋានវេស្ទើន ម៉ោង ១៥:៣០
-ក្រុមប៉ូលិស v អគ្គិសនីកម្ពុជា នៅពហុកីឡដ្ឋានជាតិ ម៉ោង ១៨:០០
