ក្នុងថ្ងៃនេះ នាយកផ្នែកកីឡារបស់ក្លឹប Roma បានចេញមុខបកស្រាយរឿងផ្ទេរដ៏ភ្ញាក់ផ្អើលរបស់កីឡាករ Malcom ទៅក្លឹប Barcelona។

លោក Monchi នាយកផ្នែកកីឡារបស់ក្លឹប Roma
កាលពីយប់ថ្ងៃចន្ទ (ម៉ោងនៅកម្ពុជា) ទាំងក្លឹបបារាំង Bordeaux និងក្លឹប Roma សុទ្ធតែបានប្រកាសថា ពួកគេបានព្រមព្រៀងគ្នាក្នុងការផ្ទេរកីឡាករ Malcom។ ទោះជាយ៉ាងណា មួយថ្ងៃក្រោយមក ខ្សែស្លាបត្រូវបានប្រកាសថាបានទៅចូលរួមជាមួយ Barcelonaទៅវិញ ដែលនេះបង្កឲ្យមានការភ្ញាក់ផ្អើលមែនទែនក្នុងមជ្ឈដ្ឋានតាមដានបាល់ទាត់ និងបណ្ដាលឲ្យមានជាចម្ងល់ជាច្រើន។
ក្នុងថ្ងៃនេះ នាយកផ្នែកកីឡាកររបស់ក្លឹប Roma លោក Monchi បានហៅព្រឹត្តិការណ៍នេះថា “ស្រួលក្នុងការបកស្រាយ តែពិបាកក្នុងការយល់”។ លោកបាននិយាយថា តាមពិត កាលពីយប់ថ្ងៃចន្ទ ក្លឹប Roma បានព្រមព្រៀងរួចអស់ហើយជាមួយក្លឹប Bordeaux និងភាគីកីឡាករ Malcom គ្រាន់តែមិនទាន់បានចុះហត្ថលេខាប៉ុណ្ណោះ។
មួយរយៈពេលក្រោយមក ស្រាប់តែក្លឹបបារាំង បាននិយាយប្រាប់ Roma ថា Barcelona បានចាប់អារម្មណ៍ខ្លាំងលើខ្សែស្លាបប្រេស៊ីល និងហ៊ានឲ្យថ្លៃជាងក្លឹបអ៊ីតាលី។ នៅពេលនោះ លោក Monchi បានបន្តថា ប្រធានក្លឹប Roma បានប្រាប់លោកឲ្យបន្តហ៊ានឲ្យថ្លៃផ្ទេរខ្ពស់ជាងមុនដល់ក្លឹប Bordeaux ដើម្បីយក Malcom ឲ្យបាន។
កាលពីព្រឹកម្សិលមិញ Roma ក៏ឲ្យថ្លៃផ្ទេរខ្ពស់ជាងមុន ទៅ Bordeaux ហើយក្លឹបទាំងពីរក៏ព្រមគ្នាម្ដងទៀត ហើយ កីឡាករ Malcom ត្រូវធ្វើដំណើរមកក្រុងរ៉ូមអ៊ីតាលី នាល្ងាចថ្ងៃម្សិលមិញនេះដើម្បីចូលរួមជាមួយក្លឹប។ ស្រាប់តែ ប្រមាណកន្លះថ្ងៃក្រោយមក Bordeaux បានប្រាប់ Roma ថា ក្លឹបអ៊ីតាលីត្រូវដំឡើងថ្លៃផ្ទេរទៀត ព្រោះ Barcelona ហ៊ានឲ្យថ្លៃជាងតម្លៃផ្ទេរចុងក្រោយដែល Roma និង Bordeaux ព្រមព្រៀង។

ក្រោយឮដំណឹងនេះ Roma បានដកខ្លួនចេញពីការផ្ទេរមួយនេះតែម្ដង ដោយខ្លួនមិនចង់ធ្វើ “សង្គ្រាមដេញថ្លៃ” ជាមួយ Barcelona។
លោក Monchi បាននិយាយថា ក្លឹប Roma កំពុងពិនិត្យមើលផ្លូវច្បាប់ថា តើក្លឹបអាចប្ដឹងក្លឹប Bordeaux បានឬអត់។
បើតាមការចុះផ្សាយរបស់សារព័ត៌មានជាច្រើន តម្លៃដែល Roma និង Bordeaux ព្រមព្រៀងស្ថិតក្នុងរង្វង់ ៤០ លានអឺរ៉ូ (៤៦ លានដុល្លារសហរដ្ឋអាមេរិក) ដើម្បីផ្ទេរ Malcom ខណៈ Barcelona ហ៊ានឲ្យ ៤២ លានអឺរ៉ូ (ជិត ៥០ លានដុល្លារសហរដ្ឋអាមេរិក) ដើម្បីបានកីឡាករ។
នៅថ្ងៃពុធ Malcom បានទៅចូលរួមជាមួយ Barcelona ហើយនឹងចូលរួមជាមួយក្លឹបអេស្ប៉ាញក្នុងការប្រកួត Pre-season នៅសហរដ្ឋអាមេរិក៕
Via :news.sabay
