Zlatan Ibrahimovic បាន​ស៊ុត​បញ្ចូល​ទី​៣​គ្រាប់​ម្នាក់​ឯង​ ឬ Hat Trick លើក​ដំបូង​ឲ្យ​ LA Galaxy នៅ​ក្របខ័ណ្ឌ​ Major league soccer របស់​អាមេរិក​ក្នុង​ជ័យ​ជម្នះ​ ៤-៣​ លើ Orlando City។

ការ​ប្រកួត​កាល​ពី​ថ្ងៃ​អាទិត្យ​ក្រុម​ LA Galaxy ត្រូវ​ក្រុម​ភ្ញៀវ​នាំ​មុខ​មុន​នៅ​នាទី​១៨ ធ្វើ​បាន​ដោយ​កីឡាករ​ Higuita ប៉ុន្តែ​ Giovani dos santos តាម​ស្មើ​បាន​វិញ​នៅ​នាទី៣៩​ ជា​ការ​បញ្ជូន​បាល់​របស់​ Zlatan ផ្ទាល់។​ Orlando បើក​ការ​នាំ​មុខ​ម្ដង​ទៀត​ដោយ​ Michael Caini ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​នៅ​នាទី​៤៤។

លុះ​ចូល​ដល់​វគ្គ​ទី​ពីរ​តារា​ឆ្នើម​សញ្ជាតិ​ស៊ុយអែត​ Zlatan Ibrahimovic រក​បាន​៣​គ្រាប់​បន្តបន្ទាប់​នៅ​នាទី​៤៧, ៦៧ និង​៧១​ ខណៈ​ Orlando រក​បាន​១​គ្រាប់​ដែរ​ដោយ​កីឡាករ​ Dom Dwyer នៅ​នាទី​៥៤​ ធ្វើ​ឲ្យ​ចប់​ការ​ប្រកួត​ម្ចាស់​ផ្ទះ​ឈ្នះ​​ ៤​ទល់​នឹង​៣។

Zlatan វ័យ​៣៦​ឆ្នាំ ស៊ុត​បញ្ចូល​ទី​បាន​១៥​គ្រាប់​ហើយ​ក្នុង​ការ​បង្ហាញ​ខ្លួន​១៧​ប្រកួត​ឲ្យ​ Galaxy។ ក្រុម​របស់​គេ​បច្ចុប្បន្ន​កំពុង​ឈរ​លេខ​៣​ក្នុង​តារាង​​ចាញ់​ក្រុម​លេខ​១​ FC Dallas ចំនួន​៧​ពិន្ទុ៕