ក្លិប Fulham បានចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធអន្តរជាតិអាល្លឺម៉ង់ Andre Schuerrle ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល ២ឆ្នាំ ពីក្លិប Borussia Dortmund របស់ក្របខ័ណ្ឌ Bundesliga។ នេះបើយោងទៅតាមការបញ្ជាក់របស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយនេះ។

ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំរូបនេះ ដែលជាសមាជិកឈ្នះពាន World Cup ឆ្នាំ២០១៤ ជាមួយនឹងអាល្លឺម៉ង់នោះ នឹងស្រេកឃ្លានក្នុងការជម្នះលើបញ្ហារបួស ដែលរូបគេបានជួបប្រទះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលរបួសសាច់ បានធ្វើឲ្យរូបគេបង្ហាញខ្លួនត្រឹមតែ ១៨ប្រកួតប៉ុណ្ណោះ ក្នុងក្របខ័ណ្ឌកំពូលរបស់អាល្លឺម៉ង់ កាលពីរដូវកាលមុន។ Schuerrle បានប្រាប់គេហទំព័ររបស់ក្លិបថា៖ «Fulham គឺជាក្លិបទី១ ដែលបានបង្ហាញពីការចាប់អារម្មណ៍លើខ្ញុំ ហើយនោះគឺជាអ្វីដែលខ្ញុំកោតសរសើរយ៉ាងខ្លាំង និងហេតុផលមួយក្នុងចំណោមហេតុផលដែលខ្ញុំចង់មកទីនេះ»។

ខ្សែប្រយុទ្ធរូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំចូលចិត្តការគ្រប់គ្រងបាល់ ខ្ញុំចូលចិត្តការវាយសម្រុក ហើយខ្ញុំចូលចិត្តរត់ ហេតុនេះ ខ្ញុំគិតថា វាអាចនឹងក្លាយជារឿងដ៏ល្អ។ ខ្ញុំត្រូវតែប្រជែងយកកៅអីរបស់ខ្ញុំ ហើយខ្ញុំត្រូវតែបង្ហាញពីគុណភាពរបស់ខ្ញុំ ហេតុនេះ ខ្ញុំអាចជាសមាជិកម្នាក់ដែលជួយដល់ក្រុមនេះ»។ Fulham បានទិញចូលកីឡាករថ្មី ៤នាក់ មកទល់ពេលនេះ ខណៈដែលពួកគេត្រៀមបង្ហាញខ្លួនជាលើកទី១ របស់ពួកគេក្នុងក្របខ័ណ្ឌកំពូល ចាប់តាំងពីរដូវកាលឆ្នាំ២០១៣-២០១៤៕

ប្រភព៖ Reuters
Fulham ចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Schuerrle ក្នុងលក្ខខណ្ឌខ្ចីជើង ២ឆ្នាំ
អត្ថបទទាក់ទង
