លោក Sir Alex Ferguson បានសន្យាថានឹងត្រលប់មកបង្ហាញវត្តមាននៅទឹកដី Old Trafford ជាមួយក្រុមបិសាចក្រហម Man.United សម្រាប់រដូវកាលថ្មី(២០១៨-២០១៩)បន្ទាប់ពីបានបង្ហាញខ្លួនផ្តល់បទសម្ភាសន៏ ជាសាធារណៈលើកដំបូងក្រោយធ្វើការសង្គ្រោះបន្ទាន់ និងវះកាត់ភ្លាមៗ បន្ទាប់ពីបានប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល។ កំពូលគ្រូបង្វឹកវ័យ ៧៦ឆ្នាំរូបនេះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗកាលពីខែឧសភា បន្ទាប់ពីគាត់បានដួលសន្លប់នៅក្នុងផ្ទះនាតំបន់ Cheshire និងបានទទួលការថែរក្សា-តាមដានព្យាបាលយ៉ាងយកចិត្តទុកដាក់អស់រយៈពេលជាច្រើនថ្ងៃនៅមន្ទីរពេទ្យ Salford Royal Hospital។

ត្រូវបានដកស្រង់សម្តីនិងចុះផ្សាយដោយគេហទំព័រ Metro អតីតអ្នកចាត់ការទូទៅសញ្ជាតិស្កុតឡេនរូបនេះបានពោលពាក្យទៅដល់ប្រិយមិត្ត និងមជ្ឈដ្ឋានបាល់ទាត់ដែលបានសម្តែងសមាណចិត្តគោរពស្រលាញ់ដល់រូបលោកថាៈ ជំរាបសួរ និងសូមអរគុណដល់បុគ្គលិកពេទ្យនៅ Macclesfield, Salford Royal និងមន្ទីរពេទ្យអាឡិចសាន់ដ៍។ បើគ្មានអ្នកទាំងអស់គ្នា ដែលបានផ្តល់ការថែរក្សាខ្ញុំយ៉ាងក្លា និងយកចិត្តទុកដាក់ខ្ញុំនឹងមិនមានឪកាសបានអង្គុយនៅទីនេះទៀតទេ ហើយថ្ងៃនេះសូមថ្លែងអំណរអរគុណបងប្អូនទាំងអស់គ្នាក្នុងនាមគ្រួសាររបស់ខ្ញុំខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅ ។

កំពូលគ្រូបង្វឹកដ៏ជោគជ័យបំផុតនៅក្របខណ្ឌកំពូល Premier League ដែលធ្លាប់ដឹកនាំក្រុម Man.United លើកពានលីកំពូលអង់គ្លេស ១៣សម័យបន្តថាៈ ខ្ញុំមានអារម្មណ៍រំភើបណាស់ចំពោះសារលិខិតទាំងអស់ដែលបានជូនពរពីទូទាំងពិភពលោកដែលជា បំណងប្រាថ្នាដ៏ល្អ ដូច្នេះសូមអរគុណចំពោះការគាំទ្រដែលអ្នកបានផ្តល់ដល់ខ្ញុំ និងជាចុងក្រោយខ្ញុំនឹងត្រលប់មកវិញនៅរដូវកាលថ្មីនេះក្នុងពេលដ៏ល្អបំផុតជាមួយលោក Jose Mourinho និងកីឡាករទាំងអស់គ្នា។

តោះមកទស្សនាវីឌីអូទាំងអស់គ្នា៖

ប្រភព៖ Metro