ក្រោយផ្ទេរទៅលេងនៅក្រុម Valencia ក្នុងលក្ខ័ណ្ឌខ្ចីជើង ឥឡូវនេះក្រុមដឹងថាក្លឹបដើមគឺ Paris Saint-Germain ត្រូវការទឹកប្រាក់ប្រមាណ ៦០លានអឺរ៉ូ សម្រាប់កីឡាករខ្សែបម្រើស្លាប Goncalo Guedes ខណៈដែលក្រុម Valencia បានរៀបចំនៅតម្លៃ ៤០លានអ៊ឺរ៉ូ ដើម្បីផ្តល់ជូនដល់ក្រុម PSG ពិចារណាក្នុងការនាំយកកីឡាកររូបនេះមកលេងជាអចិន្រ្តៃយ៏។ យោងតាមការចុះផ្សាយរបស់គេហទំព័រ L’Equipe ក្រុមយក្សមានមូលដ្ឋាននៅរាជធានីប្រទេសបារាំងនឹងមិនផ្លាស់ប្តូរពីការចង់បានរបស់ខ្លួន ខណៈក្រុម Valencia កំពុងប្រឈមការបាត់បង់កីឡាករដែលបានជួយក្រុមរបស់ពួកគេប្រែប្រួល និងរីកចំរើនបានយ៉ាងច្រើនកាលពីរដូវកាលមុន។

បន្ទាប់ពីជំនួបមួយកាលពីថ្ងៃចន្ទ នៅពហុកីឡដ្ឋានជាតិសឹង្ហបូរីសារពីក្រុម Valencia បានបញ្ជាក់យ៉ាងច្បាស់ថា: យើងត្រូវរង់ចាំ។ ការចរចានៅតែបើកចំហរ ស្របពេលក្រុម PSG នៅតែប្រកាន់ជំហរដាច់ខាតសម្រាប់ពេលបច្ចុប្បន្ន ប៉ុន្តែនៅកីឡាដ្ឋាន Estadio Mestalla របស់ក្រុម Valencia ក្រុមនិងអ្នកគាំទ្រមានជំនឿថា Guedes ចង់តែលេងនៅក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Marcelino។

ខណៈដែលទីផ្សារដោះដូរកីឡាករក្របខណ្ឌ La Liga នឹងបិទនៅថ្ងៃទី៩ សីហាខាងមុខ ដូចនៅក្របខណ្ឌ Premier League អង់គ្លេសដែរនោះ ក្រុម PSG អាចនឹងមានការប្រែប្រួលតម្លៃដោយសារតែពេលវេលាកាន់តែកៀកជិតចូលមកដល់ និងមានការចាប់អារម្មណ៏ពីក្រុមនៅក្របខណ្ឌផ្សេងផងនោះ Valencia អាចនឹងដាក់សំណើរដេញថ្លៃសារជាថ្មី ស្របពេលក្រុម PSG អាចនឹងព្រមចរចារសាជាថ្មីឡើងវិញផងដែរ។

ប្រភព៖ marca