ក្លិប Crystal Palace បានប្រកាសពីការចុះហត្ថលេខាជាមួយនឹងខ្សែបម្រើ Cheikhou Kouyate ពីក្លិប West Ham និងហាក់កំពុងតែត្រៀមលក្ខណៈរួចរាល់ក្នុងការបំពេញការផ្ទេរមួយសម្រាប់ខ្សែប្រយុទ្ធ Jordan Ayew ខណៈដែលលោក Roy Hodgson ដែលជាអ្នកចាត់ការទូទៅ ព្យាយាមទិញចូលកីឡាករថ្មីៗសម្រាប់រដូវកាលថ្មីខាងមុខនេះ។

ខ្សែបម្រើអន្តរជាតិសេណេហ្គាល់ Kouyate បានទទួលការត្រួតពិនិត្យសុខភាពរួចរាល់កាលពីថ្ងៃពុធ ក្រោយពីបានយល់ព្រមទៅលើលក្ខខណ្ឌផ្ទាល់ខ្លួននានា លើកុងត្រារយៈពេល ៤ឆ្នាំ និងបានផ្ទេរទៅកាន់ក្លិប Crystal Palace ក្នុងតម្លៃខ្លួន ៩,៥លានផោន (ស្មើនឹង១២,៥លានដុល្លារអាមេរិក) បូករួមទាំងប្រាក់ឧបត្ថម្ភផ្សេងៗចំនួន ១,៥លានផោនទៀត។ កីឡាករវ័យ ២៨ឆ្នាំរូបនេះ បានចំណាយពេល ៤រដូវកាលជាមួយនឹងក្លិប West Ham ក្រោយពីបានផ្ទេរមកពីក្លិប Anderlecht កាលពីឆ្នាំ២០១៤ ហើយនិងផ្តល់នូវការប្រជែងសម្រាប់កៅអីនៅតំបន់បម្រើ ក្រោយពីចាកចេញរបស់ខ្សែបម្រើ Yohan Cabaye និង Ruben Loftus-Cheek។

Kouyate បានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់។ វាបានក្លាយជាថ្ងៃដ៏យូរអង្វែងមួយ ប៉ុន្តែ បច្ចុប្បន្នរាល់អ្វីៗដំណើរការល្អ ហើយខ្ញុំពិតជារំភើបណាស់ក្នុងការចាប់ផ្តើមជាមួយនឹងមិត្តរួមក្រុមថ្មីរបស់ខ្ញុំ។ នេះគឺជាពេលវេលាដ៏ត្រឹមត្រូវក្នុងការផ្ទេរ ពីព្រោះខ្ញុំត្រូវការការប្រជែងថ្មីមួយ។ ខ្ញុំមានការចងចាំដ៏ល្អក្នុងក្លិប West Ham ប៉ុន្តែ ខ្ញុំចង់មកទីនេះ និងប្រឹងឲ្យអស់ពីសមត្ថភាព»៕