ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Gonzalo Higuain កាលពីថ្ងៃព្រហស្បតិ៍ បានបំពេញការផ្ទេរទៅកាន់ក្លិប AC Milan ក្នុងការដោះដូរគ្នាកីឡាករ៣នាក់រវាងក្រុមម្ចាស់ជើងឯកអឺរ៉ុប៧សម័យកាលមួយនេះ និងក្លិប Juventus ដែលនឹងធ្វើឲ្យខ្សែការពារ Leonardo Bonucci វិលទៅកាន់ទីក្រុង Turin វិញ ក្រោយពីចាកចេញបានត្រឹមតែ១រដូវកាល។

AC Milan បានចុះហត្ថលេខាជាមួយនឹង Higuain វ័យ ៣០ឆ្នាំ ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល ១ឆ្នាំ ដែលមានតម្លៃជាទឹកប្រាក់ ១៨លានអឺរ៉ូ (ស្មើនឹង២១លានអឺរ៉ូ) ជាមួយនឹងជម្រើសទិញយកខ្សែប្រយុទ្ធរូបនេះ នៅរដូវក្តៅក្រោយ សម្រាប់តម្លៃខ្លួន ៣៦លានអឺរ៉ូប បន្ថែមទៀត។ ខ្សែការពារកណ្តាលអន្តរជាតិអ៊ីតាលី Bonucci ត្រូវបានដោះដូរជាមួយនឹងកីឡាករ Mattia Caldara ត្រឹមតែប៉ុន្មានសប្តាហ៍ ក្រោយពីកីឡាករ Caldara បានចូលរួមជាមួយនឹងក្លិប Juventus ក្រោយពីការផ្ទេររបស់គេពីក្លិប Atalanta ខណៈដែលការផ្ទេរនេះ ត្រូវបានព្រមព្រៀងគ្នាតាំងពីខែមករា ឆ្នាំ២០១៧ មកម្ល៉េះ។

Higuain បានចាកចេញពីក្លិប Juventus ដែលជាកន្លែងរូបគេបានឈ្នះពានក្របខ័ណ្ឌ Serie A ២លើក និងបានស៊ុតបាល់បញ្ចូលទី ៤០គ្រាប់ ក្នុងការបង្ហាញខ្លួនក្នុងក្របខ័ណ្ឌលីក ៧៦លើក ក្រោយពីការចូលរួមរបស់តារាឆ្នើម Cristiano Ronaldo ពីក្លិប Real Madrid ដែលបានធ្វើឲ្យខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ ក្លាយជាចំនួនលើសតម្រូវការ។ បណ្តាញសារព័ត៌មានអ៊ីតាលី បានចេញផ្សាយថា ការផ្ទេររបស់ Higuain ត្រូវបានរៀបចំឡើងដើម្បីធ្វើឲ្យ AC Milan អនុញ្ញាតតាមច្បាប់ការប្រកួតប្រជែងដោយយុត្តិធម៌ផ្នែកហិរញ្ញវត្ថុរបស់ UEFA៕

ប្រភព៖ Channel News Asia
កីឡាករ Higuain ចុះហត្ថលេខាជាមួយ AC Milan ខណៈ Bonucci វិលទៅ Juventus វិញ
អត្ថបទទាក់ទង
