Alisson បានបង្ហាញខ្លួនជាលើកដំបូងអោយក្រុមហង្សក្រហម Liverpool ខណៈដែលក្រុមរបស់លោក Jurgen Klopp បានលត់ក្រុមមកពីក្របខណ្ឌកំពូលអ៊ីតាលីគឺ Napoli ក្នុងលទ្ធផល ៥-០ កាលពីថ្ងៃសៅរ៍នៅកីឡាដ្ឋាន Aviva ទីក្រុង Dublin ប្រទេសអៀឡង់។ អ្នកចាំទី Alisson បានចូលលេងសម្រាប់ក្រុម Liverpool ក្រោយការផ្ទេរពីក្រុម Roma នៅក្របខណ្ឌលីកកំពូលអ៊ីតាលីក្នុងទឹកប្រាក់ ៦៥លានផោនពីក្លិប Roma កាលពីខែមុន។

កីឡាករ James Milner និង Georginio Wijnaldum បានរកគ្រាប់បាល់បញ្ចូលទីមុនសម្រាប់ Liverpool មុនពេលកីឡាករ Mohamed Salah, Daniel Sturridge និងកីឡាករ Alberto Moreno បានបន្ថែមគ្រាប់បាល់បញ្ចូលទីនៅតង់ទី២។

ក្រុមហង្សក្រហម Liverpool នឹងបញ្ចប់ការប្រកួតមិត្តភាពមុនបើករដូវកាល Premier League (២០១៨-២០១៩)របស់ខ្លួន នៅថ្ងៃអង្គារដែលត្រូវទទួលក្រុម Torino នៅឯកីឡាដ្ឋាន Anfield ស្របពេលការប្រកួតនៅក្របខ័ណ្ឌ Premier League ក្រុមរបស់លោក Jurgen Klopp នឹងត្រូវជួបប្រកួតជាមួយក្រុមញញួរធំ West Ham United នៅថ្ងៃទី១២ ខែសីហា ២០១៨ ខាងមុខនេះផងដែរ។