ក្លិបសារិកាព្រៃ Newcastle United បានពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួនតាមរយៈការចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធអន្តរជាតិវ៉េណេស៊ុយអេឡា Salomon Rondon ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលពេញ ១រដូវកាល ខណៈដែល Dwight Gayle ធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នាទៅកាន់ក្លិប West Bromwich Albion វិញ។

Rondon បានស៊ុតបាល់បញ្ចូលទី ២៤គ្រាប់ក្នុងការប្រកួតក្របខ័ណ្ឌ Premier League ចាប់តាំងពីចូលរួមជាមួយនឹង West Brom កាលពី៣ឆ្នាំមុន ប៉ុន្តែ មិនអាចរារាំងមិនឲ្យក្រុម West Brom ធ្លាក់ទៅលេងក្នុងក្របខ័ណ្ឌ Championship កាលពីរដូវកាលមុនបានឡើយ។ លោក Rafael Benitez គ្រូបង្វឹករបស់ក្លិប Newcastle បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្លិបថា៖ «នៅពេលដែលយើងសម្លឹងរកជម្រើសសម្រាប់តំបន់ប្រយុទ្ធ យើងដឹងពីកម្រិតនៃសារសំខាន់របស់បទពិសោធ។ Salomon បានស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយរយៈពេល ហើយរូបគេពីកម្រិតលេងក្នុងលីកនេះ»។

Gayle បានបង្ហាញពីទម្រង់លេងយ៉ាងល្អក្នុងការជួយឲ្យក្រុម Newcastle ឈ្នះសិទ្ធិវិលទៅកាន់ក្របខ័ណ្ឌ Premier League វិញក្នុងរដូវកាលឆ្នាំ២០១៦-២០១៧ ប៉ុន្តែ បានស៊ុតបាល់បញ្ចូលទីត្រឹមតែ ៦គ្រាប់គត់ក្នុងការបង្ហាញខ្លួន ៣៥លើក ក្នុងក្របខ័ណ្ឌកំពូលកាលពីរដូវកាលមុន។

ការខកចិត្តរបស់លោក Benitez និងអ្នកគាំទ្រ Newcastle ចំពោះការបដិសេធរបស់ម្ចាស់ក្លិបលោក Mike Ashley ក្នុងការចំណាយប្រាក់ឲ្យច្រើនដូចទៅនឹងគូប្រជែងក្នុងក្របខ័ណ្ឌ Premier League របស់ពួកគេ បានបន្តក្នុងពេលបើកទីផ្សារដោះដូរកីឡាករមួយទៀត ខណៈដែលលោក Ashley បានបដិសេធក្នុងការផ្តល់តម្លៃខ្លួនតាមការស្នើសុំរបស់ West Brom ដើម្បីបំពេញការផ្ទេរជាផ្លូវការ។ ប៉ុន្តែ Rondon គឺជាកីឡាករចំណូលថ្មីទី៥ ក្រោយពីការចូលរួមរបស់កីឡាករ Martin Dubravka, Kenedy, Ki Sung-yueng, Fabian Schar និង Yoshinori Muto៕