ក្លិបទូកក្តោង Everton នឹងត្រូវយកឈ្នះលើក្លិបជាច្រើនដែលស្ថិតក្នុងក្របខ័ណ្ឌ Premier League ដូចគ្នា និងក្លិបនៅអឺរ៉ុបជាច្រើនទៀត ដើម្បីចុះហត្ថលេខាជាមួយនឹង Bernard ខណៈដែលខ្សែបម្រើស្លាបអន្តរជាតិប្រេស៊ីលរូបនេះ ត្រូវបានរំពឹងទុកថា នឹងត្រូវទទួលការត្រួតពិនិត្យសុខភាព នៅថ្ងៃអង្គារនេះ។

កីឡាករវ័យ ២៥ឆ្នាំរូបនេះ មិនជាប់កុងត្រាលេងឲ្យក្លិបណាឡើយ (Free Agent) ហើយនិងក្លាយជាកីឡាករចំណូលថ្មីទី៣របស់លោក Marco Silva នៅរដូវក្តៅនេះ។ ខ្សែបម្រើស្លាបរូបនេះ ដែលបានបង្ហាញខ្លួនជាអន្តរជាតិ១៤លើកសម្រាប់ប្រេស៊ីលនោះ គឺជាកីឡាករមិនជាប់កុងត្រាលេងឲ្យក្លិបណាឡើយ ក្រោយពីចាកចេញពីក្លិប Shakhtar Donetsk នៅពេលដែលកុងត្រារបស់គេផុតកំណត់កាលពីចុងរដូវកាលមុន។

ក្លិប West Ham United, Chelsea, AC Milan និង Tottenham Hotspur សុទ្ធសឹងបានចាប់អារម្មណ៍ទៅលើ Bernard នៅរដូវក្តៅនេះ ប៉ុន្តែ ត្រូវបានធ្វើឲ្យស្ទាក់ស្ទើរដោយការទាមទារប្រាក់បៀវត្សរ៍របស់គេចំនួន២០ម៉ឺនផោន (ស្មើនឹង២៥,៨៨ម៉ឺនដុល្លារ) ក្នុង១សប្តាហ៍។ West Ham បានធ្វើការព្យាយាមជាថ្មីដើម្បីចុះហត្ថលេខាជាមួយនឹង Bernard កាលពីសប្តាហ៍មុន ក្រោយពីត្រូវបានបញ្ជាក់ថា ការទាមទារប្រាក់ខែរបស់គេបានធ្លាក់ចុះជាងមុន ប៉ុន្តែ ក្លិប Everton ស្ថិតក្នុងទីតាំងជិតជាងគេក្នុងការបំពេញនូវលក្ខខណ្ឌផ្សេងៗ ជាមួយនឹងកីឡាកររូបនេះ និងភ្នាក់ងាររបស់គេគឺលោក Kia Joorabchian។

លោក Marcel Brands ប្រធានថ្មីផ្នែកកីឡាបាល់ទាត់របស់ Everton បានដឹកនាំការចរចាផ្សេងៗ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយក្លិបនេះ រំពឹងថា Bernard នឹងចូលរួមជាមួយនឹងមិត្តរួមជាតិរបស់គេ Richarlison និង Lucas Digne អតីតខ្សែការពាររបស់ក្លិប Barcelona នៅរដូវក្តៅនេះ៕