Nabil Fekir បានបង្កើតឲ្យមានពាក្យចរចាមអារ៉ាមជាថ្មីជុំវិញអនាគតរបស់គេតាមរយៈការបញ្ជាក់ថា រូបគេនៅតែអាចចាកចេញពីក្លិប Lyon ក្នុងពេលបើកទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះ។ Fekir ហាក់ស្ទើរតែបានបំពេញការផ្ទេរក្នុងតម្លៃខ្លួន៥៣លានផោនទៅកាន់ក្លិប Liverpool នៅខែមិថុនាទៅហើយ នៅមុនពេលការផ្ទេររបស់គេទៅកាន់កីឡដ្ឋាន Anfield ត្រូវបានពន្យារពេល ដោយសារតែកង្វល់ផ្សេងៗជុំវិញភាពរឹងមាំរបស់ខ្សែបម្រើប្រយុទ្ធអន្តរជាតិបារាំងរូបនេះ។

Liverpool ធ្លាប់បានសង្ឃឹមថា នឹងប្រកាសពីការផ្ទេរកីឡាករវ័យ ២៥ឆ្នាំរូបនេះ នៅមុនពេលយុទ្ធនាការ World Cup បានចាប់ផ្តើម ហើយការផ្ទេរនេះ ត្រូវបានធ្វើឲ្យដំណើរការយ៉ាងរលូន ខណៈដែលរូបគេបានយល់លើលក្ខខណ្ឌផ្ទាល់ខ្លួននានា ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ ហើយក៏បានបង្ហាញខ្លួនក្នុងកិច្ចសម្ភាសជាមួយនឹងប៉ុស្តិ៍ទូរទស្សន៍របស់ក្លិប Liverpool គឺ LFCTV ផងដែរ។

ខ្សែបម្រើប្រយុទ្ធរូបនេះ ដែលបានក្លាយជាគោលដៅដ៏សំខាន់ដែលត្រូវទិញចូលសម្រាប់លោក Jurgen Klopp នៅរដូវក្តៅនេះ បានជួបបញ្ហារបួសរសៃ កាលពីខែកញ្ញា ឆ្នាំ២០១៥ ដែលបានធ្វើឲ្យរូបគេអវត្តមានក្នុងការប្រកួតជាច្រើននៅរដូវកាលឆ្នាំ២០១៥-២០១៦។ រូបគេក៏បានអវត្តមានអស់រយៈពេលជាច្រើនសប្តាហ៍ផងដែរ ដោយសារតែបញ្ហារបួសជង្គង់កាលពីរដូវកាលមុន។ Fekir ដែលបច្ចុប្បន្នក៏ត្រូវបានទាក់ទងជាមួយបនឹងក្លិប Chelsea ដែរនោះ បានទទួលស្គាល់ថា រូបគេមិនច្បាស់ពីអនាគតរបស់គេឡើយ៕
ប្រភព៖ The Guardian
