ក្របខ័ណ្ឌបាល់ទាត់កំពូលអង់គ្លេស Premier League ធ្លាប់មានអ្នកចាត់ការទូទៅពីររូបដែលមានវ័យចាស់ជាងគេបំផុតបានធ្វើការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញជាង ២ទសវត្សក្នុងការប្រកួតលើទឹកដីអង់គ្លេសគឺ អតីតគ្រូបង្វឹកលោក Arsene Wenger និង Sir Alex Ferguson ប៉ុន្តែរដូវកាលថ្មី២០១៨-២០១៩ នេះនឹងក្លាយជារដូវកាលដំបូងនៅក្របខណ្ឌ Premier League ដែលគ្មានតួអង្គទាំងពីរតែម្តង ក្រោយពេលដែល Sir Alex Ferguson បានចូលនិវត្តន៏កាលពីឆ្នាំ២០១៣ ស្របពេលដែលលោក Arsene Wenger ទើបតែលាលែងពីតំណែងក្រុម Arsenal នៅប៉ុន្មានខែមុននេះ។

ទោះជាយ៉ាងណាក្នុងរជ្ជកាលដឹកនាំក្រុមរបស់ព្រឹទ្ធាចារ្យបាល់ទាត់ដ៏ល្បីល្បាញទំាងពីររូបនេះមានតែកីឡាករតែ បីនាក់ប៉ុណ្ណោះដែលមានសំណាងបានលេង និងទទួលបទពិសោធន៍ពីកំពូលគ្រូបង្វឹកទាំងពីររូបខាងលើ។ ខាងក្រោមនេះ ជាកីឡាករទាំងបីរូប និងមានជាតិសាសន៏ផ្សេងគ្នាដែលធ្លាប់លេង ក្រោមការដឹកនាំដ៏អស្ចារ្យរបស់អ្នកចាត់ការទូទៅឆ្នើមទាំងពីរនេះ។

១.Robin Van Persie

Robin van Persie ធ្លាប់ជាប្រធានក្រុមនិងជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្រុម Arsenal ក្រោមការហ្វឹកហាត់ របស់លោក Wenger បានសម្រេចចិត្តផ្ទេរទៅលេងនៅក្រុមបិសាចក្រហម Man.United កាលពីឆ្នាំ២០១២ ជាមួយ ហេតុផលថា ដើម្បីស្វែងរកប្រាក់ពលកម្មតម្លៃខ្លួន និងការឈ្នះពានរង្វាន់ ខណៈដែលកិច្ចសន្យារបស់គាត់ត្រូវបានបញ្ចប់។ ខ្សែប្រយុទ្ធរូបនេះបានផ្លាស់មកកាន់ Man United ក្នុងអ្វីដែលត្រូវបានគេមើលឃើញថាជាការក្បត់យ៉ាងខ្លាំង។ Van Persie បានឈ្នះពានក្របខណ្ឌ Premier League ជាលើកដំបូងជាមួយក្រុម Man.United នៅរដូវកាលដំបូងក្រោមការដឹកនាំរបស់លោក Alex Ferguson ។

ចំណាយពេល ២រដូវកាលនៅកីឡាដ្ឋាន Old Trafford កីឡាករមានជំនាញជើងឆ្វេង Van Persie បានផ្ទេរទៅលេងនៅក្របខណ្ឌកំពូលតួគីជាមួយក្រុម Fenebahce នៅឆ្នាំ២០១៥ ក្រោយឆ្លងកាត់គ្រូបង្វឹក ២រូបទៀតគឺ David Moyes និងលោក Louis van Gaal បន្ទាប់ពីលោក Ferguson ចូលនិវត្តន៏នៅឆ្នាំ២០១៣។

២. Mikael Silvestre

Mikael Silvestre ជាកីឡាករដំបូងបំផុតដែលធ្លាប់លេងក្រោមការដឹកនាំរបស់កំពូលគ្រូបង្វឹកទាំងពីររូបនេះខ្សែការពារឆ្វេងសញ្ជាតិបារាំងរូបនេះត្រូវបានលោក Alex Ferguson ទិញពីក្រុម Inter Milan នៅឆ្នាំ១៩៩៩ និងបានចំណាយ ពេល ៩រដូវកាលសរុប ៣៦១ប្រកួតជាមួយក្រុម Man.United និងបានឈ្នះពាន Premier League ៤ដង, FA Cup១ដង និង ពាន Champion League ១ដងផងដែរ។ នៅឆ្នាំ២០០៨ Silvestre បានផ្ទេរទៅកាន់ក្រុម Arsenal ក្រោមការដឹកនាំរបស់លោក Arsene Wenger ជាមួយការចំណាយពេល ២រដូវកាល និងបង្ហាញខ្លួនសរុបបាន ៤៣ដង រូបគេមិនបានឈ្នះពានអ្វីជាមួយក្រុមមុនពេលផ្ទេរទៅលេងនៅ Weder Bremen នាឆ្នាំ២០១០។

៣. Danny Welbeck

Welbeck ជាកីឡាករម្នាក់ក្នុងចំនោមកីឡាករ៣រូបដែលធ្លាប់លេងក្រោមការដឹកនាំរបស់កំពូលគ្រូបង្វឹកទាំងពីរខាងលើ។ ធំលូតលាត់ និងរីកចំរើនក្នុងនាមយុវជនថ្នាលរបស់ក្រុម Man.United ប៉ុន្តែក្រោយចំណាយពេល ១៤ឆ្នាំនៅជាមួយក្រុម Welbeck ត្រូវបានគេស្គាល់ឈ្មោះក្រោយបង្ហាញខ្លួនលេងអោយក្រុមក្នុងវ័យ ១៩ឆ្នាំ។ ក្រោយមកស្ថិតនៅក្នុងវ័យ ២៣ឆ្នាំកីឡាករអន្តរជាតិអង់គ្លេសរូបនេះ ក្នុងរជ្ជកាលដឹកនាំរបស់លោក Luis Van Gaal បានចាកចេញពីក្រុម Man.United ដើម្បីទៅចូលរួមជាមួយ Arsenal ។ ក្រុមកាំភ្លើងធំ Arsenal បានចុះហត្ថលេខានាំយក Welbeck មកកាន់ កីឡាដ្ឋាន Emirate Stadium ក្នុងតម្លៃ ១៦លានផោន ខណៈដែល ការមកដល់ក្លឹបថ្មីដំបូងរូបគេបានជួយក្រុមលើកពាន FA Cup មុនពេលមានបញ្ហារបួសរាំរៃដែលជាឧបសគ្គក្នុងអាជីពបាល់ទាត់របស់កីឡាករមានវ័យ ២៧ឆ្នាំរូបនេះ។