ក្លិបតោខៀវ Chelsea បានយល់ព្រមលក់អ្នកចាំទីអន្តរជាតិបែលហ្ស៊ិក Thibaut Courtois ទៅឲ្យក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប Real Madrid។ នេះបើយោងទៅតាមការបញ្ជាក់របស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយនេះ កាលពីថ្ងៃពុធ។

បណ្តាញសារព័ត៌មានរបស់អេស្ប៉ាញ បានចេញផ្សាយថា Real នឹងចំណាយប្រាក់លើតម្លៃខ្លួនចំនួន ៣៥លានអឺរ៉ូ (ស្មើនឹង៤០,៧លានដុល្លារអាមេរិក) សម្រាប់ Courtois។ ក្លិប Chelsea បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា៖ «នៅរាត្រីនេះ យើងបានយល់ព្រមលើលក្ខខណ្ឌផ្សេងៗជាមួយនឹងក្លិប Real Madrid សម្រាប់ការផ្ទេររបស់ Thibaut Courtois ដែលរង់ចាំតែការយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួន និងការត្រួតពិនិត្យសុខភាពប៉ុណ្ណោះ។ ក្នុងផ្នែកមួយនៃការផ្ទេរនេះ ខ្សែបម្រើ Mateo Kovacic នឹងចូលរួមជាមួយនឹងក្លិប Chelsea ក្នុងលក្ខខណ្ឌខ្ចីជើងពេញ១រដូវកាល»។

បណ្តាញសារព័ត៌មានរបស់អេស្ប៉ាញ បានបញ្ជាក់ថា Courtois វ័យ ២៦ឆ្នាំ កំពុងត្រៀមលក្ខខណៈរួចរាល់ក្នុងការចុះហត្ថលេខារយៈពេល ៦ឆ្នាំនៅឯក្លិប Real។ Courtois បានលេងការប្រកួតចំនួន ១៥៤លើកសម្រាប់ Chelsea ក្រោយពីផ្ទេរទៅកាន់កីឡដ្ឋាន Stamford Bridge កាលពីឆ្នាំ២០១១ ដោយបានការពារមិនឲ្យមានគ្រាប់បាល់ចូលទីរបស់ខ្លួនចំនួន ៥៨លើក។ រូបគេបានចំណាយពេលអស់៣ឆ្នាំក្នុងនាមជាកីឡាករកម្ចីនៅឯក្លិប Atletico Madrid ចាប់ពីរដូវកាលឆ្នាំ២០១១ ដល់២០១៤។ បណ្តាញសារព័ត៌មានចក្រភពអង់គ្លេស បានចេញផ្សាយថា អ្នកចាំទីដ៏ឆ្នើមរបស់បែលហ្ស៊ិករូបនេះ ដែលបានលេងការប្រកួតចំនួន ៦៥លើកសម្រាប់ប្រទេសរបស់គេ មិនបានបង្ហាញខ្លួនក្នុងវគ្គហ្វឹកហាត់ឡើយ នៅឯក្លិប Chelsea ក្នុងរយៈពេល ២ថ្ងៃចុងក្រោយនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ខំឲ្យមានការផ្ទេរនេះ៕

ក្លឹប Chelsea យល់ព្រមលក់អ្នកចាំទី Courtois ទៅឲ្យក្លិប Real Madrid
អត្ថបទទាក់ទង
