​ក្រុម​ហង្ស​ក្រហម Liverpool បាន​បញ្ចប់​ដំណើរ​ប្រកួត​ទេសចរណ៍ pre-season របស់​ខ្លួន ក្រោយ​ពី​យកឈ្នះ​ក្រុម Torino ជាមួយ​នឹង​លទ្ធផល 3-1 នៅ​ក្នុង​កីឡដ្ឋាន Anfield កាលពី​យប់មិញ​នេះ​។

​​ក្រោម​ក្រសែភ្នែក​ទស្សនិកជន​ជាង ៥​ម៉ឺន​នាក់​ហង្ស​ក្រហម Liverpool ចាប់ផ្ដើម​បើក​ការ​ប្រយុទ្ធ​ខ្លាំង​ និង​មាន​ឱកាស​ទាត់​បាល់​ប៉េ​ណា​ល់​ទី​មួយ​គ្រាប់​ ក្រោយ​កំហុស​ខ្សែ​ការពារ Torino ប៉ុន្តែ​កីឡាករ​ចំណូល​ថ្មី​មកពី​ក្លឹប AS Monaco, Fabinho ទាត់​ខុស​គោលដៅ តែ​ការប្រកួត​បាន​ដល់​ពាក់​កណ្ដាល​ផ្លូវ​វគ្គ​ទី​១​ នាទី​ទី២១ Roberto Firmino មិន​ធ្វើ​ឲ្យ​ទស្សនិកជន​របស់​ខ្លួន​នៅ Anfield ខក​បំណង​ឡើយ​ដោយ​ស៊ុត​នាំមុខ 1-0 មុន​ពេល​ដែល​កីឡាករ​ខ្សែបំរើ Wijnaldum ធ្វើ​បាន​សម្រេច​នាំមុខ 2-0 ពោល ៣នាទី​បន្ទាប់​។​

យ៉ាង​ណាក្តី​មុន​ចប់​វគ្គ​ទី១ នេះ​កីឡាករ​ខ្សែប្រយុទ្ធ Torino, Andrea Belotti ជា​អ្នក​បំបែក​ពងមាន់​រប​ស់​ខ្លួន 2-1។​ ​ចំណែក​ឯ​ការប្រកួត​ប​ន្ត​ក្នុង​វគ្គ​ទី​២ ម្ចាស់ផ្ទះ Liverpool បាន​ផ្លាស់ប្ដូរ​សមាសភាព​កីឡាករ​ខ្លួន​ស្ទើរ​ពាក់កណ្ដាល ប៉ុន្តែ​នៅតែ​អាច​ស្វែងរក​គ្រាប់​ធានា​ជ័យជំនះ​ ដោយ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស Daniel Strurridge នាទី​ទី៨៧ បញ្ចប់​ការប្រកួត Liverpool យកឈ្នះ 3-1 ក្នុង​ដំណើរ​ប្រកួត​ចុងក្រោយ​នៅ Pre-Season ដើម្បី​ត្រៀម​បើក​រដូវ​កាល​ថ្មី​។

​​គួរ​បញ្ជាក់​ថា ​ក្នុង​ដំណើរ Pre-Season នេះ Liverpool ភ្លាត់​តែមួយ​ប្រកួត​ប៉ុណ្ណោះ​ដោយ​ចាញ់ Dortmund ដែល​ជា​ប្រកួត​ដំបូង​នៅ​ដី​អាមេរិក ខណៈ​ដែល​ការប្រកួត​បើកឆាក​រដូវ​កាល​ថ្មី Premier League 2018/19 Liverpool ត្រូវ​ស្វាគមន៍​ញញួរ​ធំ West Ham United នៅ​ថ្ងៃអាទិត្យ​៕