ក្រុម Barcelona បានធ្វើការវាយបកដើម្បីផ្តួលក្រុម Sevilla ក្នុងលទ្ធផល ២-១ និងឈ្នះពានអេស្ប៉ាញ Supercup កាលពីថ្ងៃអាទិត្យ ខណៈដែលខ្សែបម្រើ Ousmane Dembele សមាជិកលើកពាន World Cup របស់បារាំង បានរកគ្រាប់បាល់ឈ្នះបញ្ចូលទីយ៉ាងល្អដើម្បីជួយឲ្យតារាឆ្នើម Lionel Messi ឈ្នះនៅថ្ងៃបើកឆាកក្នុងនាមជាប្រធានក្រុម។

វាជាពាន Supercup ទី១៣ របស់ក្រុម Barcelona និងជាលើកទី៦ ក្នុងរយៈពេល ៩រដូវកាលចុងក្រោយនេះ។ ប៉ុន្តែ ទោះបីជាយ៉ាងណា ក្រុម Sevilla បានខ្ជះខ្ជាយឱកាសមាសមួយដើម្បីធ្វើឲ្យការប្រកួតនេះ ឈានដល់នាទីបន្ថែម១៥នាទី២ដង នៅពេលដែលកីឡាករ Wissam Ben Yedder បានស៊ុតបាល់ប៉េណាល់មិនចូលទីនៅរយៈពេល១នាទីចុងក្រោយ។ កីឡាករ Pablo Sarabia បានជួយឲ្យក្រុម Sevilla មានគ្រាប់បាល់នាំមុខមុន ក្រោយពីលេងត្រឹមតែ ៩នាទី តាមរយៈការវាយសម្រុករហ័ស។

ខ្សែការពារ Gerard Pique ដែលបានប្រកាសពីការចូលនិវត្តន៍ពីកីឡាបាល់ទាត់អន្តរជាតិរបស់គេជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញ កាលពីថ្ងៃសៅរ៍នោះ បានរកគ្រាប់បាល់តាមស្មើវិញនៅរយៈពេល៣នាទីចុងក្រោយមុននឹងសម្រាកតង់ទី១ សម្រាប់ក្រុម Barcelona ក្រោយពីរូបគេបានរត់យ៉ាងលឿនដើម្បីទទួលបាល់ពីការស៊ុតបាល់ពិន័យ Free-kick របស់ Messi។ គ្រាប់បាល់នោះបានបើកឱកាសសម្រាប់តារាឆ្នើមអន្តរជាតិបារាំង Dembele ដើម្បីបង្កើតឲ្យមានការចាប់អារម្មណ៍នៅនាទី ទី៧៨ តាមរយៈការស៊ុតបាល់ពីចម្ងាយបញ្ចូលទីយ៉ាងល្អ ខណៈដែល Messi ជាអ្នកបញ្ជូនបាល់យ៉ាងល្អម្តងទៀត៕