ក្នុងប្រកួត World Cup ក្រោមអាយុ ២០ ឆ្នាំ ម្សិលមិញ ក្រុមជម្រើសជាតិកីឡាការិនីបាល់ទាត់អង់គ្លេសបានយកឈ្នះម៉ិកស៊ិកក្នុងលទ្ធផល ៦ ទល់នឹង ១។ ទោះជាយ៉ាងណា មួយគ្រាប់ដែលត្រូវបានស៊ុតចូលក្នុងប្រកួតនោះ ត្រូវបានមជ្ឈដ្ឋានជាច្រើនលើកឡើងថា មានសភាពចម្លែកខ្លាំង។
ខ្សែប្រយុទ្ធ Lauren Hemp របស់អង់គ្លេស បានធ្វើការញាក់អ្នកចាំទីម៉ិកស៊ិក បម្រុងធ្វើការស៊ុត ទោះជាយ៉ាងណា កីឡាការិនីត្រូវបានអ្នកចាំទីបិទជាប់ រួចក៏ដួល។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ នៅពេល ដែល Hemp ដួលនោះ គឺចំពេលដែលបាល់ក៏មានវត្តមាននៅទីនោះដែរ។ ដូច្នេះក្រោយ Hemp ដួល ពោះរបស់នាងក៏បានប៉ះនឹងបាល់នោះ រួចផ្ទាត់បាល់ចូលសំណាញ់ទីតែម្ដង។
ការឈ្នះនេះ ជួយឲ្យអង់គ្លេសស្ថិតនៅកំពូលតារាងនៃពូល B។ ក្រុមជម្រើសជាតិនឹងត្រូវលេងវគ្គ ៨ ក្រុមចុងក្រោយ ប៉ះហុល្លង់នៅថ្ងៃសុក្រខាងមុខ៕
Via :news.sabay
