វីរបុរសក្រុមជម្រើសជាតិប្រេស៊ីលដែលបានជួយក្រុមឈ្នះ World Cup លើកទី៥ កីឡាករ Ronaldo Nazario De Lima បានធ្វើដំណើរកំសាន្តនៅ Ibiza ខណៈដែលរូបគេមានផ្ទះផ្ទាល់ខ្លួននៅតំបន់នោះ ហើយទទួលការព្យាបាលនៅមន្ទីរពេទ្យនាប្រទេសអេស្បាញ ក្រោយពីមានអការៈជំងឺរលាកសួត។ បុរសវ័យ ៤១ឆ្នាំរូបនេះត្រូវបានបានទទួលការថែទាំយ៉ាងយកចិត្តទុកដាក់ពីមន្ទីរពេទ្យ CanMisses Hospital។ Ronaldo មានប្រវត្តិស៊ុតបញ្ចូលទីបានចំនួន ៦២គ្រាប់សម្រាប់ក្រុមជម្រើសជាតិប្រេស៊ីលបូករួមទាំងគ្រាប់បាល់ស៊ុតបញ្ចូលទីនៅពេលដែលបានជួយជម្រើសជាតិផ្តួលអាល្លឺម៉ង់ក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០០២។

Ronaldo បានសរសេរថានៅលើបណ្តាញទំនាក់ទំនងសង្កម Tweeter ថាៈ ខ្ញុំមានរូបភាពជំងឺគ្រុនផ្តាសាយយ៉ាងខ្លាំងនៅក្នុងទីក្រុង Ibiza ដូច្នេះខ្ញុំត្រូវតែទៅទទួលការព្យាបាលជាចាំបាច់។ អតីតខ្សែប្រយុទ្ធក្រុម Real Madrid ដែលធ្លាប់លេងឱ្យក្លឹប Barcelona, Inter Milan និង AC Milan បានថ្លែងអំណរគុណចំពោះអ្នកគាំទ្ររបស់គាត់ចំពោះក្ដីស្រឡាញ់និងការជូនពររបស់ក្រុមអ្នកគាំទ្រ។ អាជីពរបស់អតីតខ្សែប្រយុទ្ធ Ronaldo រូបនេះបានបញ្ចប់កាលពី ៧ឆ្នាំមុននៅពេលដែលរូបគេបានចំណាយពេល ពីរឆ្នាំជាមួយក្រុម Corinthians នៅក្នុងប្រទេសប្រេស៊ីល។

Ronaldo បានឈ្នះពានរង្វាន់ La Liga ពីរដងជាមួយនឹង Real Marid ព្រមទាំងពានរង្វាន់ UEFA Cup ជាមួយនឹង Inter។ គាត់គឺជាផ្នែកមួយនៃក្រុមជម្រើសជាតិប្រេស៊ីលដែលបានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ១៩៩៤ ទោះបីជាមិនបានចូលលេង ប៉ុន្តែក្រោយមកទៀតបានឈានដល់វគ្គផ្តាច់ព្រ័ត្រឆ្នាំ១៩៩៨។ Ronaldo ក៏បានឈ្នះពានរង្វាន់ផ្ទាល់ខ្លួនគឺបាល់មាស(Ballon d’Or)សម្រាប់កីឡាករល្អបំផុតនៅលើពិភពលោកក្នុងឆ្នាំ១៩៩៧ និង ២០០២ ផងដែរ។