ស្របពេលដែលទាំងខ្សែប្រយុទ្ធ Cristiano Ronaldo និងលោក Zinedine Zidane សុទ្ធសឹងបានចាកចេញ ហើយលោក Julen Lopetegui ចូលកាន់តំណែងជំនួស យុគសម័យកាលថ្មីមួយនៅឯក្លិប Real Madrid នឹងចាប់ផ្តើមជាផ្លូវការ នៅពេលដែលពួកគេត្រូវប៉ះជាមួយនឹងគូប្រជែងក្នុងទីក្រុងតែមួយ Atletico Madrid ក្នុងការប្រកួតពាន UEFA Super Cup ក្នុងទីក្រុង Tallinn នៅរាត្រីនេះ។

លោក Lopetegui នឹងស្រេកឃ្លានក្នុងការដណ្តើមយកឱកាសក្នុងការឈ្នះពានជាលើកទី១របស់លោក បើគិតចាប់តាំងពីចូលជំនួសកន្លែងរបស់លោក Zidane ដែលបានចាកចេញពីក្លិបយក្សអេស្ប៉ាញមួយនេះ ត្រឹមតែរយៈពេលប៉ុន្មានថ្ងៃ ក្រោយពីជួយឲ្យក្រុមរបស់ខ្លួនលើកពាន Champions League ជាលើកទី៣ជាប់ៗគ្នា នៅពេលប្រកួតជាមួយនឹងក្រុម Liverpool កាលពីខែឧសភា។ ការប្រកាសរបស់ Real ថា លោក Lopetegui នឹងចូលកាន់តំណែងជំនួស បានធ្វើឲ្យលោក រងការបណ្តេញចេញភ្លាមៗពីក្រុមជម្រើសជាតិអេស្ប៉ាញ នៅមុនពេលយុទ្ធនាការ World Cup នៅរុស្ស៊ី។

ក្រុមជម្រើសជាតិអេស្ប៉ាញ បានចាញ់ដោយការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីក្រោមស្នាដៃក្រុមម្ចាស់ផ្ទះ ក្នុងវគ្គ១៦ក្រុមចុងក្រោយ ខណៈដែលលោក Fernando Hierro កាន់តំណែងជាគ្រូបង្វឹក ហើយលោក Lopetegui វ័យ៥១ឆ្នាំ បច្ចុប្បន្ន បានផ្តោតទៅលើទំព័រថ្មីក្នុងអាជីពរបស់លោក។ វាបានក្លាយជារដូវក្តៅដ៏ជ្រួលច្របល់មួយសម្រាប់ Real ខណៈដែល Ronaldo ត្រូវបានលក់ចេញ ដោយគ្មានការទិញចូលកីឡាករជំនួសវិញ។ លទ្ធផលពីការប្រកួតមុនបើករដូវកាល បានស្ថិតក្នុងភាពវិជ្ជមាន ប៉ុន្តែ លោក Lopetegui អាចនឹងត្រូវជួបការប្រកួតដ៏ស្វិតស្វាញមួយនៅថ្ងៃបើកឆាករបស់លោក។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២ទៀបភ្លឺ៕

UEFA Super Cup: លោក Julen Lopetegui គ្រូបង្វឹកថ្មីរបស់ Real នឹងប៉ះ Atletico រាត្រីនេះ
អត្ថបទទាក់ទង
