នាយក​គ្រប់​គ្រង La Liga ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ ​បាន​មក​ទស្សនៈ​កិច្ច​នៅ​កម្ពុជា ​កាល​ពី​ម្សិលមិញ​នេះ ​ហើយ​ក៏​បាន​បង្ហើប​ពី​គម្រោង​មួយ​ដែល​ចង់​ឱ្យ​កីឡាករ​កម្ពុជា​មាន​ឱកាស​បាន​ទៅ​ហ្វឹកហាត់​នៅ​អេស្ប៉ាញ​ផង​ដែរ។

លោក Ivan Codina នាយក​គ្រប់​គ្រង La Liga ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ ​បាន​បញ្ជាក់​ថា​លោក​បាន​តាម​ដាន​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​ច្រើន​ឆ្នាំ​មក​ហើយ។ ​ជាមួយ​ការ​រីក​ចម្រើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ​លោក​ពិត​ជា​ចង់​ឃើញ​កីឡាករ​កម្ពុជា​មាន​​ឱកាស​បាន​ទទួល​យក​បទ​ពិសោធ​នៅ​អេស្ប៉ាញ​ខ្លាំង​ណាស់។ អ្វី​ដែល​កាន់​តែ​អស្ចារ្យ​ថែម​ទៀត​នោះ ​ក្រោយ​ពី​បាន​ដឹង​ថា​មាន​ក្លឹប​នៅ​អេស្ប៉ាញ ​ចង់​ហៅ​កីឡាករ​កម្ពុជា​២​រូប​ទៅ​ហ្វឹកហាត់​កាល​ពី​ពេល​កន្លង​ទៅ​នោះ ​លោក​រឹត​តែ​មាន​ឱ្យ​មាន​រឿង​ខាង​លើ​នេះ ​កើត​ឡើង​ខ្លាំង​មែនទែន។ ​លោក រួម​ជាមួយ​ក្រុម​ការងារ​នឹង​ខិតខំ​បន្ថែម​ទៀត ដើម្បី​ជំរុញ​ឱ្យ​រឿង​នេះ​កើត​ឡើង។

ការ​មក​កម្ពុជា ​នេះ​ដែរ ​គោល​បំណង​ធំ​មួយ​ទៀត ​គឺ​លោក Ivan ​ចង់​ឱ្យ​អ្នក​គាំទ្រ​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​តាម​ដាន ​និង​ស្គាល់ La Liga ​កាន់​តែ​ច្បាស់​ថែម​ទៀត។ តាម​គម្រោង​ផែនការ​របស់​លោក ​គឺ​ចង់​បង្កើត​ជា Fan Club ​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ដោយ​កាល​ពី​ម្សិលមិញ​នេះ ​ដោយសារ​តែ​រយៈ​ខ្លី ​លោក​បាន​ជួប​ជាមួយ Fan Club ​របស់​ក្លឹប Real Madrid ​រួច​ហើយ ​និង​បាន​ណែនាំ​វិធី​សាស្ត្រ​ជា​ច្រើន ​ដើម្បី​ឱ្យ​ក្លាយ​ជា Fan Club ​ផ្លូវ​ការ​ទទួល​ស្គាល់​ពី Real Madrid ​ផ្ទាល់​តែ​ម្ដង។

ជាមួយ​គ្នា​នេះ​ដែរ ​លោក Jose Maria ​ដែល​ជា​ប្រតិភូ La Liga ​មក​ជាមួយ​លោក Ivan ​ដែរ​នោះ ​ក៏​សម្លឹង​មើល​ឃើញ​សក្ដានុពល​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​ផង​ដែរ។ លោក​បាន​ទៅ​ជួប​ជាមួយ​កីឡាករ​មួយ​ចំនួន ​និង​បាន​សួរ​នាំ​ពួកគេ​ច្រើន​ពី​ជីវិត​ក្នុង​វិស័យ​បាល់ទាត់​នៅ​កម្ពុជា។ លោក រំពឹង ​ថ្ងៃ​អនាគត ​នឹង​មាន Fan Club ​ផ្លូវការ​ជា​ច្រើន ​លេច​រូបរាង​ឡើង​នៅ​កម្ពុជា ​ព្រោះ​ថា​ការ​បង្កើត Fan Club ​គឺ​ជា​រឿង​សំខាន់​ណាស់​សម្រាប់​ក្រុម​បាល់ទាត់​មួយ​៕
Via :news.sabay